ភ្នំពេញ ៖ ធនាគារ ស្ថាបនា បានប្រកាសដំណើរ ការជាផ្លូវការជាមួយក្រុមហ៊ុន ក្រេឌីត បូរ៉ូ (ខេមបូឌា) នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ក្នុងកិច្ចសហប្រតិបត្តិការលើសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ផ្តល់ភាពងាយស្រួល និងរហ័ស សម្រាប់អតិថិជន គ្រប់ពេល និងគ្រប់ទីកន្លែងតាមរយៈ Sathapana Mobile។
ភាពជាដៃគូនេះនឹងជួយលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ការរួមបញ្ចូលហិរញ្ញវត្ថុនិងការ គ្រប់គ្រងហានិភ័យឥណទាននៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជាគឺជាការពង្រឹងការប្ដេជ្ញ ដ៏ចំបងរវាងស្ថាប័នទាំងពីរ។

លោក ហ្វុង ក ជីន ប្រធាននាយកប្រតិបត្តិធនាគារស្ថាបនា បានមានប្រសាសន៍ថា ធនាគារ បានសហការជាមួយCBC ក្នុងការផ្តល់ជូននូវសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា តាមរយៈ Sathapana Mobile ដែលមានភាពងាយស្រួលបំផុត ដោយលុបបំបាត់ ចោលនូវវិធីចាស់ៗដែលមានលក្ខណៈជាប្រព័ន្ធចំណាយពេលយូរ។ ហើយនេះគឺជាសក្ខីភាពឈានមុខគេ ក្នុងបំលាស់ប្តូរវិស័យធនាគារឌីជីថលនៅកម្ពុជា។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត បូរ៉ូ (ខេមបូឌា) បានមានប្រសាសន៍ថា ភាពជាដៃគូនេះ នឹងផ្តល់ភាពងាយស្រួល ក្នុងការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ CBC ដល់អតិថិជនស្ថាបនាទាំងអស់ តាមរយៈកម្មវិធីធនាគារចល័ត។ ការសហការនេះ អាចឱ្យអតិថិជនរបស់ស្ថាបនាទូទាំងប្រទេស ធ្វើការស្នើសុំរបាយការណ៍ឥណទានដោយប្រើស្មាតហ្វូនរបស់ពួកគេ។

ការិយាល័យ CBC ជាសេវាព័ត៌មានហិរញ្ញវត្ថុ ឧបករណ៍វិភាគទិន្នន័យ និងរបាយការណ៍ឥណទាន ទៅដល់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំ ២០១២ CBC បានជួយដល់អតិថិជនក្នុងការគ្រប់គ្រងហានិភ័យនៃការសម្រេចចិត្តខាងពាណិជ្ជកម្ម និងហិរញ្ញវត្ថុតាមរយៈដំណោះស្រាយជាច្រើនដូច ជា៖ របាយការណ៍ឥណទានអតិថិជន របាយការណ៍ឥណទានពាណិជ្ជកម្ម K-Score វិភាគរបាយការណ៍ទិន្នន័យ សេវាកម្មត្រួតពិនិត្យផលប័ត្រ និងដំណោះស្រាយតាមតម្រូវការ។
គួរបញ្ជាក់ថា បច្ចុប្បន្ន CBC មានសមាជិកសរុប ១៥៧ស្ថាប័ន រួមបញ្ចូលទាំង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិ សន្យា និង ប្រតិបត្តិករឥណទានជនបទ៕
រក្សាសិទ្ធិដោយ៖CEN
