ភ្នំពេញ ៖ សមាជិកសមាជិការដ្ឋសភា ដែលនឹងត្រូវអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ និងមន្រ្តីបម្រើការងារទំាងអស់ តម្រូវឲ្យធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ មុនចូលរួមសម័យប្រជុំរដ្ឋសភានោះ។

ការធ្វើតេស្តរកមេរោគកូវីដ១៩ ជាការអនុវត្តវិធានការការពារទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ។ អគ្គលេខាធិការដ្ឋានរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានជូនដំណឹងស្តីពីការធ្វើតេស្តរហស័នេះ ដល់អ្នកពាក់ព័ន្ធ។ ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា ការធ្វើតេស្តរហ័សនឹងប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ នៅវិមានរដ្ឋសភា។
សូមជម្រាបថា រដ្ឋសភានឹងបើកសម័យប្រជុំលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៤ មិថុនា ស្អែកនេះ បន្ទាប់ពីបានវិស្សមកាល រយៈពេលប្រមាណ៣ខែមក។ មានរបៀបវារៈ ចំនួន៩ ដែលនឹងលើកឡើង យកពិភាក្សានិងអនុម័តនៅក្នុងសម័យប្រជុំពេញអង្គនេះ។ នៅក្នុងនោះមានរបៀបវារៈ ស្តីពីការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តប្រធានថ្មី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជំនួសប្រធានចាស់ ដែលបានលាលែង ផងដែរ៕
រក្សាសិទ្ធិដោយ៖ចេស្តារ

