កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ រូបភាពជាច្រើនសន្លឹកពីមង្កលការដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយកូនកំលោះនិងកូនក្រមុំប្រៀបដូចចៅនិងតា ត្រូវបានចែករំលែកបង្កការវែកញែក និងរិះគន់ពាសពេញបណ្តាញសង្គមតែម្តង ក្រោយបុរសជាតាអាចារ្យម្នាក់មានគណនីហ្វេសប៊ុកឈ្មោះថា Dara Kaew បានបង្ហោះរូបភាពទាំងនោះឡើង និងព្រមទាំងរៀបរាប់ថា៖ «ថ្ងៃសៅរ៍ទី ១៩/៦/២០២១ ខ្ញុំមកធ្វើមហាអាចារ្យ ការគេនៅខេត្តច័ន្ទបុរី ប្រទេសថៃ កូនកំលោះ អាយុ៧០ ជាង កូនក្រមុំអាយុ២០ ស្ដើង កំលោះៗ និងពោះម៉ាយវ័យក្មេង កុំច្រណែន កុំយំ កុំតូចចិត្ត ធ្វើម៉េចបុណ្យយើង វាសនាយើង (កូនកំលោះថៃ កូនក្រមុំខ្មែរ)»។

តែទោះយ៉ាងណា ក្រោយរឿងរ៉ាវដ៏មិននឹកស្មានដល់នេះ ត្រូវបានរីករាលដាលល្បីខ្លាំង ជាពិសេសត្រូវបានមនុស្សមួយចំនួនធំ នាំគ្នាវាយប្រហារនូវពាក្យសម្តីរិះគន់ហាក់ធ្ងន់ៗ រហូតធ្វើឲ្យម្តាយកូនក្រមុំ ទ្រាំពុំបានក៏បានចេញមុខឡាយវីដេអូ បកស្រាយពីមូលហេតុឲ្យកូនស្រីយកប្តីចាស់ និងក៏ដូចសម្តែងការមិនសប្បាយចិត្តជាខ្លាំង ចំពោះអ្នកចែករំលែករូបភាពទាំងនេះ ពិសេសគឺតាអាចារ្យទាំងមិនដឹងអាយុពិតប្រាកដរបស់កូនកំលោះ និងកូនក្រមុំ រួចមក នៅពេលនេះ សាម៉ីខ្លួនតាអាចារ្យដែលជាផុស បានចេញមុខសុំទោសទៅកូនកំលោះ កូនក្រមុំ និងគ្រួសារខាងស្រីហើយ។
ក្នុងវីដេអូសុំទោស តាអាចារ្យរូបនេះបានរៀបរាប់ថា ជាបឋម សូមជម្រាបសួរទៅដល់បងប្អូនប្រិយមិត្តនៅក្នុងបណ្តាញសង្គមទាំងអស់ ជាទីគោរព និងជាទីនឹករលឹក ថ្ងៃនេះខ្ញុំឡាយផ្ទាល់ដល់ប្រិយមិត្តទាំងអស់បានជ្រាប ជាពិសេសគឺរូបដែលខ្ញុំផុសកាលពីព្រឹកមិញ ដែលជារូបភាពមង្គលការ ហើយមានប្រិយមិត្តមួយចំនួនគាត់បានចាប់អារម្មណ៍ និងមួយចំនួនមានការវាយប្រហារមានសព្វគ្រប់ អុីចឹងរូបដែលខ្ញុំផុសនេះ គឺជារូបដែលមិនដឹងពីអាយុពិតប្រាកដទេ តែនេះគ្រាន់តែជាការសរសេរប៉ាន់ស្មានប៉ុណ្ណោះ។ ហើយខ្ញុំចេញឡាយផ្ទាល់នៅពេលនេះ គឺសូមសុំទោសទៅដល់ម្ចាស់សាម៉ីខ្លួនទាំងពីរ ដែលខ្ញុំបានផុសដោយគ្មានការអនុញ្ញាតពីគាត់ ដែលនាំឲ្យប៉ះពាល់កិត្តិយស និងសិទ្ធិឯកជនរបស់គាត់។

ជាមួយការលើកឡើងខាងលើនេះផងដែរ លោកតាអាចារ្យ ក៏សូមសំណូមពរដល់បងប្អូនអ្នកខមិនមួយចំនួន ដែលបានប្រើពាក្យវាយប្រហាររិះគន់មិនពិរោះពិសារ សូមធ្វើយ៉ាងណាប្រើពាក្យពេចន៍ឲ្យមានសុជីវធម៌ខ្លះផង និងជាថ្មីម្តងទៀត ក៏សូមចិត្តបងប្អូននៅក្នុងបណ្តាញសង្គមទាំងអស់ សូមបញ្ឈប់បន្តធ្វើការវាយប្រហាររិះគន់តទៅទៀតទៅ ព្រោះយើងសុទ្ធតែជាខ្មែរដូចគ្នា ជាតិសាសន៍ដូចគ្នា ខុសត្រូវយ៉ាងណា គួរចេះអធ្យាស្រ័យឲ្យគ្នា ទើបការរស់នៅមានសេចក្តីសុខ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










