Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតបារាំង ៖ អាជ្ញាធររាជធានី បានសហការជាមួយស្ថានទូតបារាំង ធ្វើឱ្យបេសកកម្មការទូត៤ឆ្នាំ ទទួលបានជោគជ័យយ៉ាងធំធេង

ភ្នំពេញ៖ លោកស្រី Eva NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានថ្លែងថា អាជ្ញាធររាជធានីភ្នំពេញ បានសហការជាមួយស្ថានទូតបារាំង បានយ៉ាងល្អដែលធ្វើឱ្យការងារ ក្នុងបេសកកម្មរបស់លោកស្រីរយៈពេល៤ឆ្នាំនេះទទួលបានផ្លែផ្កានិងជោគជ័យយ៉ាងធំធេង ។

លោកស្រី Eva NGUYEN BINH បានលើកឡើងយ៉ាងដូច្នេះខណៈដែលលោកស្រី ចូលជួបសម្តែងការគួរសម និងជំរាបលា លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយបញ្ចប់អាណត្តិការទូត នៅប្រទេសកម្ពុជា នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ មិថុនានេះ ។

លោកស្រី Eva NGUYEN BINH ក៏បានសម្ដែងការកោតសរសើរផងដែរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងស្ថានភាពកូវីដ-១៩នេះ បានយ៉ាងល្អប្រសើរ ។

លោកស្រីបញ្ជាក់ទៀតថា លោកស្រីពិតជាមានភ័ព្វសំណាង ដែលបានស្នាក់នៅ បំពេញការងារការទូត នៅប្រទេសកម្ពុជា ស្របពេលដែលនៅលើពិភពលោក បានមានការរីករាលដាលជំងឺកូវីដ-១៩ ហើយប្រទេសកម្ពុជា មានការរីករាលដាលជម្ងឺនេះ មានកម្រិតតិចតួច។

លោកស្រី Eva NGUYEN BINH បានបន្តទៀតថា​ អាជ្ញាធររាជធានីភ្នំពេញ ពិតជាមានការលំបាកខ្លាំងណាស់ ចំពោះការទប់ស្កាត់ជំងឺកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងតស៊ូ ជាមួយនឹងការទប់ស្កាត់និងជំងឺកូវី-១៩នេះបានយ៉ាងល្អ។

ជាការឆ្លើយតបលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ បានមានប្រសាសន៍ថា៖ ប្រទេសបារាំងនិងប្រទេសកម្ពុជា បានមានទំនាក់ទំនងការទូតជាមួយគ្នាជាយូរមកហើយ ហើយទំនាក់ទំនងនេះ កាន់តែរឹងមាំ និងកាន់តែល្អប្រសើរ ។

លោកឃួង ស្រេងបញ្ជាក់ថា៖ ក្នុងបេសកកម្ម បំពេញការងាររបស់លោកស្រីនៅកម្ពុជារយៈពេល៤ឆ្នាំនេះ លោកស្រី Eva NGUYEN BINH បានបំពេញបេសកកម្មកាទូតបានយ៉ាងល្អនិងទទួលជោគជ័យ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងនឹងជួបគ្នា ចាប់ដៃគ្នា បំពេញការងារនៅថ្ងៃខាងមុខទៀត ខណៈដែលលោកស្រី នឹងក្លាយជាប្រធានវិទ្យាស្ថានបារាំង នៅប៉ុន្មានថ្ងៃខាងមុខនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×