ភ្នំពេញ ៖ ក្រុមអ្នកបើករថយន្តដឹកប្រេង និងព្រូ របស់ក្រុមហ៊ុន ហុងអ៊ីន ប្រហែលជាង១០០នាក់ ផ្ទុះការតវ៉ាទាមទារសុំឲ្យថៅកែក្រុមហ៊ុន ហុងអ៊ិន ដកមេការឈ្មោះ ផល្លី សុវណ្ណ ចេញពីក្រុមហ៊ុន និងសុំទាមទារច្បាប់ការងារ ពីក្រសួងការងារ។

ការផ្ទុះការតវ៉ានេះ បានធ្វើឡើងរយៈពេលបីថ្ងៃជាប់គ្នាមកហើយ ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ពុំទាន់មានដំណោះ រវាងថៅក្រុមហ៊ុន និងក្រុមអ្នកបើកបររថយន្ត នៅឡើយទេ។
ដូច្នេះហើយពួកគាត់ នៅតែបន្តធ្វើការតវ៉ា នៅមុខក្រុមហ៊ុន ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទាល់តែថៅកែក្រុមហ៊ុន បញ្ឈប់មេការឈ្មោះ ផល្លី សុវណ្ណ ចេញពីក្រុមហ៊ុន ទើបពួកគាត់ចូលធ្វើការវិញ ដោយពួកគាត់បង្ហើបឲ្យដឹងថា លោកមេការរូបនេះ មិនចេះទទួលខុសត្រូវ ជាមួយបុគ្គលិក ហើយពួកគាត់ បានបន្ថែមថា ថៅកែក្រុមហ៊ុន ហុងអ៊ិន សន្យា ថា នឹងបញ្ឈប់មេការឈ្មោះ ផល្លី សុវណ្ណ ចេញពីក្រុមហ៊ុន តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ មកម្លេះ តែបច្ចុប្បន្ន មេការរូបនេះ នៅតែមានមុខមកធ្វើការ នៅក្រុមហ៊ុនដដែល៕ រក្សាសិទ្ធិដោយ ៖ សួង សាម





