Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការ CAMSOC ៖ យើងនាំគ្នាឆ្ពោះទៅ SEA GAMES-ASEAN PARA GAMES ឆ្នាំ២០២៣ ទាំងអស់គ្នា

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមិថុនានេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងរៀបចំកម្មវិធី “ទិវាអូឡាំពិក ឬ Olympic Day” ខួបលើកទី១២៧ ឆ្នាំ២០២១ តាមប្រព័ន្ធ Online ក្រោមប្រធានបទ “ហាត់ប្រាណនៅផ្ទះជាមួយអត្តពលិកអូឡាំពិក” ដែលនឹងមានកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាជាច្រើនចូលរួម ពិសេសវត្តមានភ្ញៀវកិត្តិយស ២រូប ដែលត្រូវចូលរួមចែករំលែកបទពិសោធ និងធ្វើបទបង្ហាញអំពីរបៀបហាត់ប្រាណតាមផ្ទះដល់បងប្អូនទាំងអស់គ្នា គឺវីរកីឡាការិនី ស៊ន សៀវម៉ី និងកញ្ញា ហែមថុន វិទិនី ។

ដើម្បីអបអរសាទរ “ទិវាអូឡាំពិក” នៅថ្ងៃនេះដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិ CAMSOC បានធ្វើការផ្សព្វផ្សាយនូវព្រឹត្តិការណ៍ចលនាអូឡាំពិកដ៏ធំនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលយើងចាត់ទុកជាព្រឹត្តិការណ៍ នៃចលនាអូឡាំពិក មិនមែនសម្រាប់តែកម្ពុជានោះទេ គឺសម្រាប់ចលនាអូឡាំពិកអន្ដរជាតិទាំងមូល ។ គោលបំណងសំខាន់ នៃការផ្សព្វផ្សាយនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្រោមយុទ្ធនាការ “យើងនាំគ្នាឆ្ពោះទៅ SEA GAMES-ASEAN PARA GAMES ឆ្នាំ២០២៣ ទាំងអស់គ្នា” ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា «យុទ្ធនាការផ្សព្វផ្សាយ និងបញ្ជ្រៀបការយល់ដឹងអំពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះកើតឡើង បន្ទាប់ពីមានការជំរុញពីឯកឧត្តមបណ្ឌិត ថោង ខុន បានរៀបចំឲ្យមានឧបករណ៍ សម្រាប់ផ្សព្វផ្សាយ និងប្រម៉ូសិនមួយ គឺយើងបានធ្វើជាផ្ទាំងផ្សព្វផ្សាយផ្លូវការ ដែលទទួលបានការឯកភាពពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ហើយយើងត្រូវបញ្ចេញនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ឬគេហៅថា Brand ឬកេរ្ដិ៍ឈ្មោះរបស់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទៅទូទាំងប្រទេសរបស់យើង ដើម្បីស្វែងរកការគាំទ្រ និងការស្វែងយល់បន្ថែមពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ» ។

ឯកឧត្តមបន្ដថា «ឆ្លៀតឱកាសនេះ យើងសូមអំពាវនាវថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ គឺចំថ្ងៃទិវាអូឡាំពិក នៅកម្ពុជា អញ្ចឹងចលនាអូឡាំពិកនៅកម្ពុជា គឺមានរបស់ថ្មី មានចំណីអារម្មណ៍ថ្មី គឺការបញ្ចេញនូវផ្ទាំងផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទៅកាន់មហាជន និងសាធារណជន រួមទាំងយុវជនរបស់យើងទាំងអស់គ្នា ឲ្យមានការគាំទ្រ និងចាប់អារម្មណ៍ទាំងអស់គ្នាថា ឆ្នាំ២០២៣ កម្ពុជាយើងនឹងធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកដំបូង» ។

គួរដឹងថា រហូតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ នេះ កម្ពុជានៅសល់រយៈពេលតែ ៦៨១ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលគ្រោងរៀបចំពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី៥ ខែឧសភា និងបិទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនកម្ពុជាបន្ដរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ ដដែល ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×