កំពត ៖ លោកព្រីង សារុំ ជាអនុប្រធានការិយាល័យ អប់រំ យុវជន និងកីឡាខេត្តកំពត បានលើកឡើងថា ការដាក់ បញ្ចូលបញ្ហាសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ចូលទៅក្នុងកម្ម វិធីសិក្សានៅតាមសាលាចំណេះទូទៅនានា ដើម្បីអប់រំបន្ថែម ដល់សិស្ស វាជាផ្នែកមួយនៃចំណេះដឹង បំណិនជីវិត ។

ថ្លែងប្រាប់សារព័ត៌មានកាលពីចុងខែមិថុនានេះ លោកព្រីង សារុំ បានបញ្ជាក់ថា ដោយ មាន ការសហការពីអង្គការរ៉ាក់ប្រចាំខេត្តកំពត លោកគ្រូ អ្នកគ្រូបង្រៀននៅកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យបានចូលវគ្គបណ្តុះបណ្តាល សុខភាពផ្លូវភេទ សុខភាព បន្តពូជ និងសិទ្ធិ ដើម្បីយកបញ្ហានេះទៅបង្រៀនសិស្សបន្ត។
លោកអនុប្រធានមន្ទីរអប់រំ បានបញ្ជាក់ទៀតថា គោលបំណងនៃការបញ្ចូលបញ្ហាសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ បន្ថែមទៅលើមុខវិជ្ជាគេហវិទ្យាសីលធម៌-ពលរដ្ឋ ជីវវិទ្យា និង អក្សរសាស្រ្ត ដែលជាមុខវិជ្ជាបំណិនជីវិតសម្រាប់សិស្ស ក្នុងការយល់ដឹង បន្ថែមសម្រាប់ សិស្សម្នាក់ៗ ដើម្បីយល់ដឹងពីខ្លួនពួកគេនិងចេះការពារខ្លួន និងជួយអប់រំដល់មិត្តភក្តិផងដែរ។

លោកថា ខេត្តកំពតសាលារដ្ឋចំនួន ៤១៦ សាលា ក្នុងនោះមានវិទ្យាល័យចំនួន២៦ អនុវិទ្យាល័យចំនួន៧៤ សាលាបឋម សិក្សាជាង៣០០ និងមតេយ្យចំនួន៥។
យុវតីឈ្មោះ លក្ខិណា អាយុ១៥ ឆ្នាំ សិស្សថ្នាក់ទី៩នៃវិទ្យាល័យក្រាំងស្នាយ ស្រុកឈូក ខេត្ត កំពត បាននិយាយថា ក្រោយពេលពីបានសិក្សាពីបញ្ហា សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិនៅក្នុងសាលារៀន និងតាមការចុះអប់រំក្នុងសហគមន៍ បានធ្វើឲ្យយុវតីមាន ការយល់ដឹងច្រើនពីការធ្វើអនាម័យខ្លួនប្រាណ ដូចជានៅពេលនារីមានរដូវត្រូវធ្វើដូចម្តេចខ្លះ? ការលូតលាស់នៃសរីរាង្គកាយរបស់នារី និងយុវជនពេលពេញវ័យជាដើម។

លោកស៊ូ សានីម ប្រធានក្រុមសម្រប ស្រួលសុខភាពអង្គ ការរ៉ាក់កំពុងប្រតិបត្តិការក្នុង ក្រុងកំពត ស្រុកទឹកឈូ ស្រុកដងទង់ និងស្រុកឈូក បានថ្លែងថាអង្គការរ៉ាក់ សហការជាមួយមន្ទីរអប់រំយុវជន និង កីឡា ខេត្តកំពតក្នុងការបញ្រ្ជាប នូវចំណេះដឹងផ្នែកសុខភាពបន្តពូជ សុខភាពផ្លូវភេទ យេនឌ័រ និងសិទ្ធិ ចូលទៅក្នុងសាលារៀន ក្នុងបំណងឲ្យសិស្សានុសិស្ស បានយល់ ដឹងអំពីខ្លួនរបស់ពួកគេនៅពេលពេញវ័យ ការថែរក្សាសុខភាព របស់ពួកគេនឹងអប់ រំដល់មិត្ត ភក្តិរបស់ពួកគេ។

លោកបានបញ្ជាក់ថា ក្រៅពីបញ្រ្ជាបបញ្ហាសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិចូល ទៅសាលាចំណេះដឹងទូទៅ អង្គការរ៉ាក់បានចុះទៅតាមសហគមន៍ទៀតផង ដើម្បីពន្យល់ដល់យុវជន យុវតីឲ្យពួកគេបានយល់ដឹង និងបន្តនាំសារជួយណែនាំដល់ មិត្តភក្តិ របស់គេបន្តទៀត។
លោកថា សកម្មភាពនេះបានធ្វើឡើងនៅតាមភូមិចំនួន២៧២ភូមិ ,ឃុំចំនួន ៤៦ឃុំ ដោយបង្កើតជាបណ្តាញយុវវ័យបង្គោល ប្រចាំឃុំនីមួយៗ ដោយទទួលបាន លទ្ធផល្អ ព្រោះក្រុមយុវវ័យបង្គោល បានចូលរួមយ៉ាងសកម្មក្នុងការ អប់រំផ្ទាល់ និងតាមប្រព័ន្ធ ឌីជីថល ៕រក្សាសិទ្ធិដោយ៖CEN





