Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញា ជំរុញដល់មន្ត្រីនគរបាលយុត្តិធម៌ ពង្រឹងការអនុវត្តន៍ច្បាប់ អនុវត្តន៍ដីកា ជៀសវាងមានការកកស្ទះសំណុំរឿង

ខេត្តបន្ទាយមានជ័យ ៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជំរុញដល់មន្ត្រីនគរបាលយុត្តិធម៌ បំពេញការងារតាមតួនាទីភារកិច្ចឲ្យបានល្អ ពិសេសត្រូវពន្លឿនការអនុវត្តន៍ដីការ ឲ្យបានទាន់ពេលវេលា ជៀសវាងមានការកកស្ទះសំណុំរឿង នគរបាលយុត្តិធម៌ ត្រូវតែស្គាល់ពីបេសកកម្មរបស់ខ្លួនឲ្យបានច្បាស់។

ស្ថាប័នតុលាការ និងមន្ត្រីនគរបាលយុត្តិធម៌ (ក្របខ័ណ្ឌនគរបាលយុត្តិធម៌ព្រហ្មទណ្ឌ) បានជួបសំណេះសំណាល ក្នុងគោលបំណង ជួបពិភាក្សាគ្នា អំពីដំណើរការអនុវត្តន៍ច្បាប់ ក៏ដូចជាការលើកយកនូវបញ្ហាប្រឈមនានា ក្នុងការអនុវត្តន៍ច្បាប់ និងនីតិវិធីមួយចំនួន នាព្រឹកថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានធ្វើសេចក្តីរាយការណ៍ ស្តីពីការងារកន្លងមក និងបានលើកពីបញ្ហាប្រឈមនានា និងនីតិវិធី ដាក់ជាសំណួរ និងសំណូមពរ ដល់ស្ថាប័នតុលាការ និងតំណាងអយ្យការ ជួយសម្រួលនិងដោះស្រាយ ដើម្បីបង្កលក្ខណៈងាយស្រួលទាំងអស់គ្នា ក្នុងការអនុវត្តន៍ច្បាប់។

ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម ងួន ណារ៉ា ក៏បានថ្លែងកោតសរសើរ យ៉ាងខ្លាំងចំពោះអង្គភាពនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងតែមានការសហការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ និងស្ថាប័នតុលាការ ហើយបានបង្ក្រាបរាល់បទល្មើសខុសច្បាប់តូចធំ បានជាបន្តបន្ទាប់ ពិសេសបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន។ ក្រៅពីនេះ នគរបាលក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចុះជួយសង្រ្គោះពលរដ្ឋ ពេលជួបគ្រោះធម្មជាតិ ទឹកជំនន់ ខ្យល់កន្ត្រាក់ និងការរួមចំណែកប្រយុទ្ធប្រឆាំងជម្ងឺកូវីដជាដើម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក៏បានជំរុញដល់មន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវគោរពច្បាប់ បំពេញការងារតាមតួនាទីភារកិច្ចឲ្យបានល្អ ពិសេសត្រូវពន្លឿនការអនុវត្តន៍ដីកា ឲ្យបានទាន់ពេលវេលា ជៀសវាងមានការកកស្ទះសំណុំរឿង នគរបាលយុត្តិធម៌ ត្រូវតែស្គាល់ពីបេសកកម្មរបស់ខ្លួនឲ្យបានច្បាស់។

លោកក៏បានជំរុញដល់មន្ត្រីនគរបាលយុត្តិគ្រប់ជាន់ថ្នាក់ ត្រូវបន្តអនុវត្តន៍តួនាទី ភារកិច្ចឲ្យបានល្អ ពិសេសគឺ ការបញ្ជូនដីការ ការអនុវត្តន៍ដីការ ការបង្ក្រាបបទល្មើសផ្សេងៗ ការចាប់ខ្លួនមនុស្សត្រូវតែរាយការណ៍ជូនតុលាការ ជៀសវាសខុសនីតិវីធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×