Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពីទទួលពាក្យបណ្តឹង ៖ គណៈមេធាវី នឹងធ្វើការស៊ើបអង្កេត លើបណ្តឹងដែលប្តឹងមេធាវីរស់ ស៊ីថា

ភ្នំពេញ ៖ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលបណ្តឹង និងកំពុងតែស៊ើបអង្កេត លើករណីប្តឹងលោកមេធាវី រស់ ស៊ីថា ពាក់ព័ន្ធនឹងការមិនអនុវត្តកាតព្វកិច្ចជូនកូនក្តី ដែលបណ្តាលឱ្យថ្លោះសិទ្ធិនៅក្នុងនីតិវិធីតុលាការ ជាហេតុធ្វើឱ្យបាត់បង់នូវផលប្រយោជន៍យ៉ាងធ្ងន់ធ្ងររបស់កូនក្តី និងការមាក់ងាយ ជេរប្រមាថមេធាវីដូចគ្នា ក្នុងក្របខណ្ឌវិជ្ជាជីវៈ។

លោកមេធាវី រស់ ស៊ីថា ត្រូវបានមេធាវី លី រដ្ឋធី និងអ្នកស្រី ព្រំ សោភា (កូនក្តីលោកមេធាវី រស់ ស៊ីថា) ដាក់ពាក្យបណ្តឹងប្តឹងទៅលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណីទទួលបានសិទ្ធិដោយអាណត្តិ និងធ្វើឱ្យថ្លោះសិទ្ធិនៅក្នុងនីតិវិធីរបស់តុលាការកំពូល។

លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ប្រាប់ CEN នៅថ្ងៃទី២៣ ខែមិថុនានេះថា ទាក់ទងករណីនេះ គណៈមេធាវីបានទទួលពាក្យបណ្តឹងហើយ នឹងពិនិត្យដោះស្រាយតាមនីតិវិធី។ ការងារនេះ ពេលដាក់ពាក្យបណ្តឹងចូលមក គឺខាងនាយកដ្ឋានអធិការកិច្ចរបស់គណៈមេធាវីនឹងធ្វើការស៊ើបអង្កេត បន្ទាប់មកនឹងមានចំណាត់ការថានឹងត្រូវធ្វើយ៉ាងម៉េច?។

ប្រធានគណៈមេធាវីបានបញ្ជាក់ថា “បើសិនជាការស៊ើបអង្កេតទៅជាលទ្ធផលឃើញថា វាមានការធ្វើឲ្យប៉ះពាល់ដល់ក្រមសីលធម៌មែន គឺយើងនឹងមានជាវិធានការជាទណ្ឌកម្មវិន័យ តាមអ្វីដែលមានកំណត់នៅក្នុងច្បាប់លក្ខន្តិកៈមេធាវី ក៏ដូចជាក្រមសីលធម៌របស់មេធាវីដែរ”។

ការដាក់ប្តឹងនេះ បានកើតឡើងបន្ទាប់ពីលោកមេធាវី រស់ ស៊ីថា បានទទួលការប្រគល់សិទ្ធិពីអតិថិជន ដើម្បីធ្វើជាមេធាវីតំណាងដោយអាណត្តិ នៅក្នុងនីតិវិធីតុលាការជាន់ខ្ពស់មួយ ប៉ុន្តែបន្ទាប់ពីមេធាវីរូបនេះ ទទួលបានការប្រគល់សិទ្ធិ និងសេវាមេធាវីពីអតិថិជនរួចមក បែរជាមិនបានបំពេញការងារ ស្របតាមតួនាទី និងវិជ្ជាជីវៈរបស់ខ្លួន ដោយបណ្តាលឱ្យថ្លោះសិទ្ធិ (បាត់បង់សិទ្ធិទាមទារតាមផ្លូវច្បាប់) របស់អតិថិជន ពោលគឺចាញ់ក្តីទាំងពុំបានឡើងតតាំងតាមផ្លូវតុលាការ។
ការមិនអនុវត្តកាតព្វកិច្ចខាងលើនេះ គឺជាកំហុសរបស់មេធាវីរូបនេះ ប៉ុន្តែបែរជាមេធាវី រស់ ស៊ីថា បកស្រាយប្រាប់កូនក្តីរបស់ខ្លួន ដោយធ្វើការទម្លាក់កំហុសដល់អង្គចៅក្រម នៃតុលាការជាន់ខ្ពស់ទៅវិញ និងបានព្យាយាមគេចវេស ពីការទទួលខុសត្រូវចំពោះការធ្វើឱ្យខូចផលប្រយោជន៍របស់កូនក្តី ដែលកើតចេញពីការមិនអនុវត្តកាតព្វកិច្ច ក្នុងតួនាទីរបស់ខ្លួន ដែលជាមេធាវី ដែលទទួលបានសិទ្ធិតំណាងដោយអាណត្តិពីកូនក្តី។

ទាក់ទងនឹងការមិនអនុវត្តកាតព្វកិច្ចក្នុងតួនាទីរបស់ខ្លួន ជាហេតុធ្វើឱ្យថ្លោះសិទ្ធិ និងខូចផលប្រយោជន៍របស់កូនក្តី ដូចនេះកូនក្តីដែលជាជនរងគ្រោះដោយសារទង្វើរបស់ លោកមេធាវី រស់ ស៊ីថា បានមកពឹងពាក់មេធាវីផ្សេងទៀត ដើម្បីធ្វើការដោះស្រាយជាមួយលោកមេធាវី រស់ ស៊ីថា ពាក់ព័ន្ធនឹងការធ្វើឱ្យខូចផលប្រយោជន៍របស់ខ្លួន នៅក្នុងនីតិវិធីនៃតុលាការជាន់ខ្ពស់។

នៅក្នុងពាក្យបណ្តឹងរបស់អ្នកស្រី ព្រំ សោភា បានជម្រាបជូនប្រធានគណៈមេធាវីថា អ្នកស្រីធ្លាប់បានប្រគល់ ឲ្យលោកមេធាវី រស់ ស៊ីថា ដើម្បីតំណាងដោយអាណត្តិឲ្យរូបនាងខ្ញុំ នៅក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ៖ ២០២ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់តុលាការកំពូល ដោយក្នុងនោះ នាងខ្ញុំបានប្រគល់ប្រាក់ថ្លៃសេវាមេធាវី ចំនួន ១.៥០០ USD (មួយពាន់ប្រាំរយដុល្លារអាមេរិក) ។ ប៉ុន្តែនៅក្នុងដំណើរការនីតិវិធីរបស់តុលាការ លោកមេធាវី រស់ ស៊ីថា ពុំបានបំពេញកាតព្វកិច្ច ជាមេធាវីតំណាង ដោយអាណត្តិឲ្យរូបនាងខ្ញុំ បានត្រឹមត្រូវតាមនីតិវិធីច្បាប់ឡើយ ជាក់ស្ដែងតាមរយៈដីកាសម្រេចលេខ៖ ៣១ ដស (ថ) ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ របស់តុលាការកំពូល ត្រង់សំអាងហេតុចំណុចទី១ បានបញ្ជាក់ថា លោកមេធាវី រស់ ស៊ីថា បានទទួលលិខិតជូនដំណឹងឲ្យដាក់ លិខិតបញ្ជាក់ អំពីមូលហេតុនៃបណ្ដឹងសារទុក្ខ ប៉ុន្តែលោកមេធាវី មិនបានដាក់លិខិតបញ្ជាក់ខាងលើ តាមកាលបរិច្ឆេទដែលតុលាការ បានកំណត់ឡើយ ជាហេតុធ្វើឲ្យតុលាការកំពូល សម្រេចលើកចោលបណ្ដឹងសារទុក្ខ ។

អ្នកស្រីបន្តថា សកម្មភាពរបស់ លោកមេធាវី រស់ ស៊ីថា ខាងលើនេះ ពិតជាបានធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍នាងខ្ញុំយ៉ាងធ្ងន់ធ្ងរ ជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ដល់វិជ្ជាជីវៈ មេធាវីយ៉ាងខ្លាំង ។ ដូចនេះ ក្នុងនាមជាអ្នកខាតបង់ផលប្រយោជន៍ពីអំពើខាងលើ នាងខ្ញុំសុំសំណូមពរដូចខាងក្រោម៖ ១. សូមចាត់វិធានការទៅលើលោកមេធាវី រស់ ស៊ីថា តាមនីតិវិធីច្បាប់ ស្របតាមវិធានវិជ្ជាជីវៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ។ ២. ទាមទារសំណងការខូចខាតចំនួន ៣ម៉ឺនដុល្លារ។

ចំណែកលោកមេធាវី លី រដ្ឋធី ប្រធានក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងជាមេធាវី ដែលទទួលបានការប្រគល់សិទ្ធិពីអតិថិជន (ជនរងគ្រោះ) បានធ្វើការទំនាក់ទំនងជាមួយនឹងលោកមេធាវី រស់ ស៊ីថា ក្នុងក្របខ័ណ្ឌវិជ្ជាជីវៈមេធាវី ក្នុងការជួបពិភាក្សា និងរកដំណោះស្រាយ ប៉ុន្តែក្នុងអំឡុងពេលកិច្ចប្រជុំ ស្រាប់តែលោកមេធាវី រស់ ស៊ីថា ធ្វើសកម្មភាពប្រមាថមាក់ងាយដល់លោកមេធាវី លី រដ្ឋធី ថា «ជាមេធាវីក្មេង មិនទាន់ជ្រុះពន្លៃពីលើក្បាល» នៅក្នុងការិយាល័យ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងនៅចំពោះមុខជំនួយការមេធាវី រួមទាំងកូនក្តីដែលជាជនរងគ្រោះផងដែរ។

លើសពីនេះទៅទៀត បន្ទាប់ពីមេធាវីរូបនេះ បានមាក់ងាយដោយសម្តីខាងលើនេះរួចមក មេធាវី រស់ ស៊ីថា បានផ្ញើសារជាសំឡេង តាមប្រព័ន្ធទំនាក់ទំនង តេឡេក្រាម (Telegram) ទៅកាន់សាច់ញាតិរបស់កូនក្តីខ្លួន ដែលជាជនរងគ្រោះ ដោយបានជេរប្រមាថដល់វង្សត្រកូល និងឪពុកម្តាយរបស់លោកមេធាវី លី រដ្ឋធី យ៉ាងអសុរោះ អសីលធម៌ជាទីបំផុត។ អ្វីដែលសំខាន់ជាងនេះទៅទៀត តាមរយៈសារជាសំឡេងខាងលើនេះ លោកមេធាវី រស់ ស៊ីថា ក៏បានធ្វើការមាក់ងាយដល់ស្ថាប័នគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដោយពាក្យពេចន៍អសុរោះ គ្មានសីលធម៌ និងមិនស័ក្តិសមជាអ្នកប្រកបវិជ្ជាជីវៈមេធាវី ដែលត្រូវបានឱ្យតម្លៃថាជាអ្នកវិជ្ជាជីវៈថ្លៃថ្នូរ និងខ្ពង់ខ្ពស់ឡើយ។

តាមរយៈបណ្តឹងទាំងពីរខាងលើ ដែលប្តឹងលោកមេធាវី រស់ ស៊ីថា បានបង្ហាញថា សកម្មភាពរបស់មេធាវីរូបនេះ បានប្រព្រឹត្តផ្ទុយពីវិធានវិជ្ជាជីវៈ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មេធាវីទូទៅ ដែលតែងតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងជះឥទ្ធិពលនូវភាពអវិជ្ជមានដល់កិត្យានុភាព របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាននិងកំពុងខិតខំពង្រឹងពីសំណាក់សមាជិក-សមាជិកា និងថ្នាក់ដឹកនាំគណៈមេធាវីទាំងអស់៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×