ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសឥណ្ឌា បានឲ្យដឹងថា យោងតាមការសម្រេចរបស់រាជរដ្ឋាភិបាល ស្ថានឯកអគ្គរាជទូតកម្ពុជា បានសម្របសសម្រួលជាមួយអាជ្ញាធរឥណ្ឌា ដើម្បីធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋ និង និស្សិតខ្មែរ ចំនួន ៧៦នាក់ ដែលជាប់គាំងនៅប្រទេសឥណ្ឌា។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
ស្ថានឯកអគ្គរាជទូតកម្ពុជាបានបន្តថា ពលរដ្ឋ និងនិស្សិតទាំង ៧៦ នាក់នេះ នឹងត្រូវធ្វើដំណើរទៅ ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះពិសេសអាកាសចរណ៍ឥណ្ឌាលេខ AI 1304 នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ វេលាម៉ោង ១៤និង២០ នាទី (ម៉ោងនៅកម្ពុជា)។
ក្នុងការចេញដំណើរនេះក៏នឹងមាន មន្ត្រីស្ថានទូត ទទួលបន្ទុកផ្នែកការងារកុងស៊ុលជួយសម្រួល និងជូនដំណើរទៅព្រលានយន្តហោះ អន្តរជាតិឥន្ទ្រាគន្ធ (Indira Gandhi International Airport) ក្រុងញូដែលីដែរ ។
ស្ថានឯកអគ្គរាជទូតកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅឆ្នាំ ២០២០ ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា បានយកចិត្តទុកដាក់ ធ្វើការសម្របសម្រួលប្រគេន និងជូនព្រះសង្ឃ ពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន ស្រីលង្កា និងបង់ក្លាដេស ចំនួន ២១៧ អង្គ/នាក់៕ រក្សាសិទ្ធិដោយៈចេស្តារ
