ភ្នំពេញ ÷ យុវជន២នាក់ បានជិះម៉ូតូម៉ាកហុងដាទ្រីមសង់មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តម៉ាកព្រូស កំពុងតែបត់ឆ្លងផ្លូវចំពាក់កណ្តាលទ្វារ ពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ ចំណែកតៃកុងរថយន្តវិញ ត្រូវសមត្ថកិច្ចឃាត់បាន នៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤០ នាទីយប់ថ្ងៃទី ២៣ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2-X 8752 បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយស្រ្តីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្លងបម្រុងឆ្លងផ្លូវ ក៏ត្រូវយុវជន២នាក់ ជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៩ មួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1-P 7185 ជ្រុលទៅបុកចំពាក់កណ្តាលទ្វាររថយន្តព្រូស ពេញទំហឹងបណ្តាលឲ្យដួល រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សា មេត





