ភ្នំពេញ៖ ឯកឧត្ដម Dominic Raab MP រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស អញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បញ្ចប់ដោយរលូន ដោយឯកឧត្ដម Dominic Raab MP បានសម្ដែងការគោរព និងសោកស្ដាយចំពោះរឿងរ៉ាវ ដែលបានកើតឡើងមកលើប្រជាជនកម្ពុជា។

នាថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម Dominic Raab MP រដ្ឋមន្ត្រីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស អមដំណើរដោយលោកជំទាវ Tina S Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា អញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដោយមានការទទួលស្វាគមន៍ពីសំណាក់លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរនិងជាតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងលោក ហង្ស និស្ស័យ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
ក្នុងដំណើរទស្សនកិច្ចនេះដែរ លោកស្រី ស៊ុន រតនា អភិបាលរងខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងសមត្ថកិច្ចខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាពរបស់គណប្រតិភូ។
ដំណើរទស្សនកិច្ចនេះ បញ្ចប់ដោយរលូនដោយឯកឧត្ដម Dominic Raab MP បានសម្ដែងការគោរព និងសោកស្ដាយចំពោះរឿងរ៉ាវ ដែលបានកើតឡើងមកលើប្រជាជនកម្ពុជា។
ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានឲ្យដឹងថា ដំណើរទស្សនកិច្ចទៅកាន់តំបន់វប្បធម៌ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង មជ្ឈមណ្ឌល ឯកសារ កម្ពុជា និងការផ្តល់រង្វាន់ទៅកាន់អ្នកបើកបរស្ថានទូតដែលបានបម្រើការរយៈពេលវែង ដែលធ្វើឡើងនៅនិវាសដ្ឋានឯកអគ្គរាជទូត ដើម្បីបញ្ចប់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសនៅកម្ពុជា។

ថ្ងៃនេះនៅប្រទេសកម្ពុជា រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោក Dominic Raab មានសេចក្តីរីករាយដែលបានជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស ឯកឧត្តម ប្រាក់សុខុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិរវាងចក្រភពអង់គ្លេស និង ឥណ្ឌូប៉ាស៊ីហ្វិក ជុំវិញអាទិភាពរួមដែលរួមមាន ពាណិជ្ជកម្ម ភាពប្រសើរឡើងវិញពីស្ថានភាពកូវីដ សិទ្ធិមនុស្ស និង អំពីប្រទេសមីយ៉ាន់ម៉ា។
ចក្រភពអង់គ្លេសទន្ទឹងរង់ចាំក្នុងការធ្វើការយ៉ាងជិតដិតជាមួយកម្ពុជា នាពេលខាងមុខ ក្នុងអំឡុងពេលប្រទេសកម្ពុជាជាប្រធានកិច្ចប្រជុំអាស៊ាន ក្នុងឆ្នាំ២០២២ ។

ការ ធ្វើទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសចក្រភពអង់គ្លេសលោក Dominic Raab
បានជួបជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ ដើម្បីពិភាក្សាពីមហិច្ឆតាអាកាសធាតុរបស់ប្រទេសកម្ពុជា មុនការឈានមកដល់នៃកិច្ចប្រជុំកំពូលនៃការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាតិ (COP26) និងអាទិភាពរួមដូចជាធ្វើការឆ្ពោះទៅកាន់ ការកំណត់ការបំភាយឧស្ម័នត្រឹមសូន្យ (NetZero) ការដាំដើមឈើឡើងវិញ ក៏ដូចជាជីវៈចម្រុះ និងពាណិជ្ជកម្មសត្វព្រៃខុសច្បាប់។

រដ្ឋមន្រ្តីការបរទេសក៏បានសង្កត់លើទំនាក់ទំនងដ៏ស៊ីជម្រៅរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៣០ឆ្នាំ ចាប់តាំងពីចក្រភពអង់គ្លេសបានបើកស្ថានទូតនៅកម្ពុជាឡើងវិញ។ លោកមានសេចក្តីសោមនស្សរីករាយជាមួយនឹងការរីកចម្រើនដែលប្រទេសកម្ពុជាទទួលបានពីការរីកលូតលាស់លើអាជីវកម្មរបស់ខ្លួន រួមទាំងស្តង់ដារនៃការអប់រំនិងការថែរក្សាសុខភាព៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ












