ភ្នំពេញ ៖ នៅក្នុងឱកាសរដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនសម័យប្រជុំរដ្ឋសភា ដោយព្រះអង្គបានសម្តែង ការកោតសរសើរចំពោះកិច្ចប្រឹងប្រែង របស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាអ្នកដឹកនាំភារកិច្ចក្នុងការពិនិត្យ ពិភាក្សា អនុម័តនូវច្បាប់ជាច្រើន ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍ជាតិ ក្នុងសកម្មភាពនៃការអនុវត្តតួនាទី និងភារកិច្ចប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បញ្ជាក់ថា អង្គសភាបានពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ទំាងឡាយបានហ្មត់ចត់និងទាន់ពេលវេលា ជាពិសេសក្នុងនោះ សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានអនុម័តជាការប្រញាប់ ដើម្បីឲ្យប្រើប្រាស់ក្នុងស្ថានការណ៍ពិសេស ដែលកម្ពុជាកំពុងរាតត្បាត ដោយជំងឺឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់មកនេះ។
ព្រះករុណាជាអម្ចាស់ បានកត់សម្គាល់ថា ស្ថិតនៅក្នុងកាលៈទេសៈ ដ៏លំបាកស្មុគស្មាញ នាអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតយ៉ាងសាហាវទូទំាងសកលលោកនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំ សមាជិកសមាជិកាទំាងអស់ បានខិតខំយកកម្លំាងកាយចិត្ត ជាអាទិ៍ ក្នុងឱកាសវិស្សមកាលកន្លងមកនេះ សុទ្ធតែបានចុះទៅមូលដ្ឋាន សួរសុខទុក្ខ ស្វែងយល់និងជួយដោះស្រាយ រាល់ការលំបាក និងរាល់បញ្ហារបស់បងប្អូនរួមជាតិ ជាពិសេសសម្តេច បានរួមចំណែកជាមួយរាជរដ្ឋាភិបាល យ៉ាងសកម្មក្នុងរាល់កិច្ចប្រតិបត្តិការដោះស្រាយ ទប់ស្កាត់ មានរួមទំាងការផ្សព្វផ្សាយ រាល់វិធានការរបស់ក្រសួងសុខាភិបាល និងការចាក់វ៉ាក់សំាងទៀតផង។

នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ បន្ទាប់ពីបានវិស្សមកាលអស់រយៈពេលប្រមាណជា៣ខែមក។ នៅក្នុងសម័យប្រជុំព្រឹកនេះ មានរបៀបវារៈចំនួន៩ នៅក្នុងនោះមានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តបេក្ខភាព ប្រធានថ្មី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជំនួសប្រធានចាស់ដែលបានលាលែង ផងដែរ។ វត្តមានសមាជិកសមាជិការដ្ឋសភា ពេលផ្តេីមសម័យប្រជុំ មានចំនួន ៨២រូប។

ព្រះរាជសារ ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បណ្តាប្រទេសជាមិត្ត ដៃគូអន្តរជាតិនានា ដែលបានរួមសហការយ៉ាង១ល្អ នៅក្នុងការខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ព្រះអង្គបានកោតសរសើរយ៉ាងក្រៃលែងចំពោះសម្តេចនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង ក្នុងការកៀរគរមូលនិធិនិងជំនួយវ៉ាក់សំាងកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ










