ភ្នំពេញ ៖ ប្រធានគណៈកម្មការផ្សារធំៗ របស់រដ្ឋជាច្រើនផ្សារ បានបញ្ជាក់ថា ផ្សាររដ្ឋជាច្រើន បានឈានទៅរកភាពប្រក្រតីឡើងវិញ ជាបណ្តើរៗហើយ ជាមួយនិងការអនុវត្តវិធាន របស់ក្រសួងសុខាភិបាល បានយ៉ាងម៉ត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បើកឲ្យដំណើរការផ្សារឡើងវិញ ជាង១សប្តាហ៍មកនេះ។

ប្រធានគណៈកម្មការផ្សារទួលទំពូង លោកចំរើន សុខលីម បានមានប្រសាសន៍ឲ្យដឹង នៅរសៀលថ្ងៃទី២៣មិថុនានេះថា ផ្សារទួលទំពូង នៅពេលនេះការបេីកលក់ដូរ បានប្រមាណពី៨៥ទៅ៩០% និងអតិថិជន ចូលទិញដូរប្រហែល៦០ ទៅ៧៩%ប៉ុណ្ណោះ ។ គណ:កម្មការផ្សារ បានចុះត្រួតពិនិត្យតាមតូប និងអតិថិជនចូលផ្សារ មានដាក់ម៉ាសុីនវាស់កំដៅ និងម៉ាសុីន បាញ់អាល់កុល និងការចែកម៉ាស់ជាប្រចាំ ហេីយអាជីវករក៏ដូចជាអតិថិជន ចេញចូលផ្សារចូលរួមគោរព តាមវិធានការសុខាភិបាល ប្រមាណមួយរយភាគរយ។
ប្រធានផ្សារបន្លែច្បារអំពៅ លោកសាន់ប៊ុណ្ណា និងលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ បានបញ្ជាក់ថា ៖ទាំងផ្សារបន្លែ និងផ្សារធម្មតា មានអាជីវករមកលក់៨០ភាគរយហេីយ នៅ២០ភាគរយ ជាអ្នកលក់មកពីតាមខេត្ត លក់នៅក្រៅផ្សារ ។ លោកសង្ឃឹមថា នឹងបាន១០០%នៅពេលដែលអាជ្ញាធរ ហាមមិនឲ្យលក់នៅតាមផ្លូវសាធារណ:និងផ្លូវព្រែកបារាំង ម្តុំវត្តច្បារអំពៅ អាចលក់ចូលលក់ក្នុងផ្សារបាន១០០% ។ ក្នុងផ្សារច្បារអំពៅនេះ មានភាពទូលាយជាងមុន ដោយសារគណ:កម្មការផ្សារ អាជ្ញាធរខណ្ឌ និងសាលារាជធានី សហការគ្នាធ្វេីឱ្យមានសណ្តាប់ធ្នាប់ល្អ និងអ្នកលក់ដូរមិនមានការចង្អៀត អាចលក់ដូរបានដោយស្រួល និងអាចជិះ ម៉ូតូចូលបាន ។ ចំណែកការចូលមកលក់ដូររបស់អាជីវករវិញ គឺយើងបានរៀបចំឲ្យរបៀបរាបរយឲ្យពួកគាត់លក់ ដូរតាមរបៀបគម្លាតសុខាភិបាលផងដែរ ។

លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង បានបញ្ជាក់ផងដែរ ផ្សារបឹងកេងកង ដល់ថ្ងៃនេះ អាជីករចូលលក់ដូរ ប្រមាណ៧៥% គ្រប់មុខរបរទាំងអស់ ដោយអតិថិជនចូលផ្សារមាប្រហែល៣០០ទៅ៤០០នាក់ ដោយបេីកច្រកចំនួន៨ច្រក ទ្វារ ដោយសារយេីងរឹតបន្តឹង ក្នុងការចេញចូល នឹងអនុវត្តវិធានការសុខាភិបាល នៅតាមមាត់ច្រក មានម៉ាសុីន វាស់កដៅ និងម៉ាសុិនបាញ់អាកុលស្វ័យប្រវត្តិ។ ដាក់កម្លាំងឲ្យអ្នកចូលផ្សារត្រូវស្គេនជាប្រចាំ។ សម្រាប់សន្តិសុខនៅខាងក្នុងផ្សារស្រែក តាមមេក្រូ ឱ្យអ្នកលក់ដូរ និងអ្នកទិញ ត្រូវរក្សាគម្លាតជាប្រចាំ និងមានមេក្រូ៦គ្រឿងទៀតចាក់ជាប្រចាំ ទាំងព្រឹកទាំងល្ងាច នូវវិធានការ របស់សម្តេចបីកុំបីការពារ និងមានការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទ្វារចេញចូលទាំង៨ ដែលយេីងបានបេីក គឺរៀងរាល់ពីរម៉ោងម្តង ហេីយពេលល្ងាច ដែលអាជីវករចាកចេញ គឺត្រូវបាញថ្នាំសម្លាប់មេរោគជាប្រចាំរាល់ថ្ងៃ។

លោកស្រីប៉ុន ដានី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី បានលើកឡើងថា សម្រាប់ផ្សារថ្មី ថ្ងៃនេះអាជីវករ បានបេីកតូបលក់៤៥% យេីងបាញ់អាល់កុល ដល់ប្រជាពលរដ្ឋដែលផ្សារ២៥លីត្រ បេីកច្រកចេញចូល ស្គេន QR Code ១២ច្រក ប្រេីប្រាស់ម៉ាសុីនវាស់កំដៅ ចំនួន ២៤ ។ អាជីវករលក់ដូរក្នុងផ្សារ ១០០% ហេីយអ្នកចូលផ្សារ ពាក់ម៉ាស់១០០% យេីងបានដាក់ម៉ាស់សម្រាប់ចែកជូន មិនមានអ្នកមកសុំ មួយនាក់ទេ ទោះបីដាក់ទុកឱ្យប្រេីនៅតាមច្រកចូលផ្សារក៏ដោយ អតិថិជនមានការកេីនឡេីង ពីមុនមានមួយពាន់ជាង ឥឡូូវ២ពាន់នាក់ជាង បងប្អូនមានការសប្បាយចិត្ត ដែលបេីកផ្សារឱ្យគាត់លក់ដូរឡេីងវិញ ពេលដែលពួកគាត់ បានលក់ទៅមានការសម្រួល ដល់ការដោះស្រាយជីវភាព ទោះបីយ៉ាងក៏នៅមានការព្រួយបារម្ភ ពីជម្ងឺកូវីដ-១៩ នូវឡេីយ ក្នុងនោះគាត់មានការសម្អាត ដៃជាប់ជាមួយអាល់កុល និងទឹកដែលដាក់ឲ្យលាងនៅតាមច្រកនីមួយៗ។ មិនតែប៉ុណ្ណោះពួកគាត់បានដួសទឹកនោះ យកទុកលាងដៃដល់តូបរបស់គាត់ទៀតផង។

លោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី បានប្រាប់ឱ្យដឹងថា ផ្សារអូរឬស្សី មានការបេីកលក់បានចំនួន២៥៧១ តូប ស្មើនឹង ៦៥ អគារ និងមានភ្ញៀវចេញចូលធម្មតា ជិតមួយពាន់នាក់ ស្ថានភាពលក់ដូរធម្មតា ផ្សារទាំងអស់មាន៦២១១តូប មកលក់បាន២៥៧១ តូប ស្មើ៤០% ។
គួរបញ្ជាក់ថា បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ កន្លងមក បានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១តទៅ។ គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ









