ភ្នំពេញ ៖ អង្គសភាបានធ្វើការបោះឆ្នោតទុកចិត្ត លោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោកស៊ិក ប៊ុនហុក ដោយទទួលបានសំឡេងព្រមចំនួន ៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ។

គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចជ្រើសរើសយកលោក ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជំនួសលោក ស៊ិក ប៊ុកហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប.។
គួររំលឹកថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគ.ជ.ប. ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួនពីររូបគឺលោក ប្រាជ្ញ ចន្ទ និង លោក ការ លាន ហើយបានបញ្ជូនទៅគណបក្សប្រជាជនកម្ពុជា ឱ្យជ្រើសរើសបេក្ខជនចំនួនមួយរូប ផ្ញើមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានទទួលលិខិតឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២១ គឺបានសម្រេចជ្រើសរើសលោក ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគ.ជ.ប.។

សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅបានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត របស់លោក ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រមនូវសេចក្តីព្រាង សេចក្តីសម្រេចស្តីពីការកំណត់បែបបទ និងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប. និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីលោក ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនាដោយសារវ័យ៕ រក្សាសិទ្ធិដោយៈ ចេស្តារ





