ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ប្រាកដណាស់ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកសាងភាពជាដៃគូ ពិតជាមានសារៈសំខាន់ជាងពេលណាទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីស្តារសេដ្ឋកិច្ច និងសង្គមឱ្យមានភាពរស់រវើក និងរួចផុតពីវិបត្តិ សេដ្ឋកិច្ច-សង្គម ដែលបង្កឡើងដោយជំងឺរាតត្បាតនេះ។

លោក ប្រាក់ សុខុន បានចូលរួមកិច្ចសន្និសីទជាន់ខ្ពស់អាស៊ី- ប៉ា ស៊ីហ្វិក ស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវក្រោមប្រធានបទ «ការលើក កម្ពស់ កិច្ចសហ ប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតដើម្បីការអភិវឌ្ឍប្រកប ដោយចីរភាព» នៅរាត្រី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១ តាមប្រព័ន្ធ វីដេអូខន់ហ្វឺរ៉ន់ តបតាមការអញ្ជើញពីលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក ប្រាក់ សុខុន បានសម្ដែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំសន្និ សីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីកិច្ចសហប្រតិ បត្តិការខ្សែក្រវាត់ និងផ្លូវ ក្រោមប្រធាន បទដែលទាក់ទងយ៉ាងសំខាន់ទៅនឹងពិភពលោកនាពេលបច្ចុប្បន្ននេះ។
លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការតំបន់របស់យើង ចាំបាច់ត្រូវផ្តោតលើការធានាថា ខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងតំបន់ នៅតែមានភាពធន់រឹងមាំ។ យើងធ្វើបានល្អ នៅក្នុងបរិបទនេះ អាស្រ័យដោយមានគម្រោងខ្សែក្រវាត់ និងផ្លូវជាច្រើន ដែលកំពុងដំណើរការលូតលាស់នៅទូទាំងតំបន់។
តាមរយៈកិច្ចសហប្រតិបត្តិការដៃគូអភិវឌ្ឍន៏នេះ នៅកម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយនៅខេត្តព្រះសីហនុ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិថ្មីនៅភ្នំពេញ និងខេត្តសៀមរាបជាដើម។ គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះបាន និងកំពុងវិវត្តន៍ទៅមុខយ៉ាងរលូន ហើយប្រាកដជានឹងចូលរួមចំណែកក្នុងការជម្រុញការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា។

គួរបញ្ជាក់ថា ដោយប្ដេជ្ញាចិត្តក្នុងការធានាថា អ្នកណាក៏អាចទទួលបានវ៉ាក់សាំងដែរ ចិនបន្តគាំទ្រក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ខ្លួនក្នុងការផ្ទេរបច្ចេកវិទ្យា និងការផលិតវ៉ាក់សាំងរួមគ្នា ជាមួយប្រទេសកំពុងអភិវឌ្ឍនានាផងដែរ។ ជាមួយនឹងការប្តេជ្ញាចិត្តដ៏រឹងមាំទាំងនេះ យើងអាចមើលឃើញនូវអនាគតនៃពិភពលោកមួយដែលមានសុវត្ថិភាពជាងពេលបច្ចុប្បន្ន៕
រក្សាសិទ្ធិដោយ៖CEN
