សេចក្តីថ្លែងការណ៍នៅលើគេហទំព័រមួយ បានបង្ហាញកាលពីថ្ងៃអង្គារកន្លងទៅថា ការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក បានរឹបអូសគេហទំព័ររបស់ក្រុមសារព័ត៌មានអ៊ីរ៉ង់ចំនួនពីរគឺ Press TV និង Al-Alam និងប៉ុស្តិ៍ទូរទស្សន៍ Al-Masirah នៃ ក្រុមHuthis របស់ប្រទេសយេម៉ែន។
គេហទំព័រនីមួយៗ បានចុះផ្សាយលើទំព័រតែមួយ ជាមួយនឹងសេចក្តីថ្លែងការណ៍ថាខ្លួន“ ត្រូវបានរឹបអូសដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក” ដោយសំដៅទៅលើច្បាប់ ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក អមដោយត្រារបស់ FBI និងក្រសួងពាណិជ្ជកម្មអាមេរិក។
Press TV គឺជាទូរទស្សន៍ផ្សាយភាសាអង់គ្លេសដ៏សំខាន់របស់អ៊ីរ៉ង់ហើយ Al-Alam ជាអ្នកផ្សាយព័ត៌មានជាភាសាអារ៉ាប់។ ក្នុងនោះ វិទ្យុអ៊ីស្លាមអ៊ីរ៉ង់ (IRIB) ដែលជាបុត្រសម្ព័ន្ធរបស់ Al-Alam បានរាយការណ៍ថា គេហទំព័រផ្សេងទៀតរួមមាន Palestine-Al Youm ដែលជាបណ្តាញផ្សព្វផ្សាយគ្រប់គ្រងដោយ ប៉ាឡេស្ទីន និងបណ្តាញសាសនា និងវប្បធម៌ភាសាអារ៉ាប់ក៏ត្រូវបានរឹបអូសផងដែរ។
វិទ្យុIRIB បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានគាបសង្កត់សេរីភាពក្នុងការបញ្ចេញមតិ និងចូលរួមជាមួយប្រទេសអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីតក្នុងការ« រារាំងប្រព័ន្ធផ្សព្វផ្សាយគាំទ្រដោយ ប្រជាជនដែលប្រឆាំងនឹងការលាតត្រដាង ពីបទឧក្រិដ្ឋរបស់សម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់»។
នៅពេលត្រូវបានគេសួរក្នុងអំឡុង ពេលធ្វើសេចក្តីរាយការណ៍សង្ខេប របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក អំពីការរឹបអូសយកទូរទស្សន៍ Press TV អ្នកនាំពាក្យលោក Ned Price បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ប៉ុន្តែឲ្យអ្នកយកព័ត៌មានទៅសួរនាយកដ្ឋានយុត្តិធម៌ ដែលលោកបានរពឹងថា គេនឹងផ្តល់ព័ត៌មានឆាប់ៗនេះ។
ទូរទស្សន៍ LuaLua TV របស់បារ៉ែនដែលជាប៉ុស្តិ៍គ្រប់គ្រងដោយក្រុមប្រឆាំង ដែលមានការិយាល័យ នៅទីក្រុងឡុង និងបេរូតក៏ត្រូវបានបិទផងដែរ នេះបើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន AFP ប្រចាំតំបន់។
នៅក្នុងប្រទេសយេម៉ែនក្រុម Huthis បាននិយាយនៅលើគេហទំព័រនៃ ទំនោរនយោបាយរបស់ពួកគេថា ពួកគេបានថ្កោលទោសចំពោះ« ការរឹបអូស និងការលួចចម្លងរបស់អាមេរិកនេះ»។ ពួកគេបាននិយាយថា៖« រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងហាមឃាត់គេហទំព័រ Al-Masirah ដោយមិនមានការបញ្ជាក់ត្រឹមត្រូវ ឬសូម្បីតែការជូនដំណឹងជាមុន» ។
សហរដ្ឋអាមេរិករក្សាទណ្ឌកម្មតឹងរ៉ឹងលើអ៊ីរ៉ង់ ដោយសារកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន និងបានចោទប្រកាន់ថា បានគាំទ្រដល់អំពើភេរវកម្ម ហើយអង្គការ និងបុគ្គលអ៊ីរ៉ង់រាប់រយនាក់ត្រូវ បានដាក់ក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មអាមេរិក។
នៅឆ្នាំ ២០១៨ ប្រធានាធិបតីដូណាល់ត្រាំបានបញ្ជា ឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង ដោយចោទប្រកាន់ថា អ៊ីរ៉ង់មិនគោរពតាមការសន្យារបស់ខ្លួនទេ ទោះបីអ្នកត្រួតពិនិត្យនុយក្លេអ៊ែរឯករាជ្យ និយាយថាខ្លួនបានគោរពតាមសន្យាក៏ដោយ៕
ប្រភព៖ France24.
រក្សាសិទ្ធិដោយ៖CEN

