ភ្នំពេញ ÷ មុខសញ្ញាទាក់ឆ្កែរប្រជាពលរដ្ឋតាមភូមិ និងឆក់ទ្រព្យសម្បត្តិរបស់អ្នកដំណើរ២នាក់ អស់ល័ក្ខណ៍ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលប៉ុស្តិ៍ទឹកល្អក់ទី៣ ដេញចាប់បានភ្លាមៗ ក្រោយពេលធ្វើសកម្មភាពឆក់កាបូប ពីស្ត្រីលក់បន្លែម្នាក់ បណ្តាលឲ្យជនរងគ្រោះ ដែលជាម្ចាស់កាបូប ធ្លាក់ពីលើរ៉ីម៉ក រងរបួសធ្ងន់ បែកមុខបែកមាត់ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅម្តុំប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ តាមបណ្តោយផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់ទី៣ បានធ្វើការល្បាតពួនស្ទាក់ ការពារសុខសុវត្ថិភាពជូនពលរដ្ឋ ក្នុងមូលដ្ឋាន និងអ្នកដំណើរ ក៏បានប្រទះឃើញជនសង្ស័យទាំង២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ យកកាបូបលុយពីស្ត្រីម្នាក់ ដែលកំពុងតែជិះលើរ៉ីម៉ក ជាមួយប្តីរបស់គាត់ បណ្តាលឲ្យជនរងគ្រោះ ធ្លាក់ពីលើរ៉ីម៉ក ហើយក្រុមជនសង្ស័យទាំង២នាក់ ព្យាយាមជិះម៉ូតូរត់គេចខ្លួន ពេលនោះកម្លាំងសមត្ថកិច្ច ក៏បានជិះម៉ូតូដេញស្ទាក់ចាប់បានជនសង្ស័យ ទាំងនាក់ភ្លាមៗតែម្តង។

ក្រោយពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យ ទាំង២នាក់ខាងលើ មកសាកសួរបន្ត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី៣។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ឆក់កាបូបលុយពីស្ត្រីរងគ្រោះខាងលើមែន ហើយក៏ធ្លាប់ធ្វើសកម្មភាពទាក់ឆ្កែ ប្រជាពលរដ្ឋតាមភូមិយ៉ាងសកម្ម។
អ្វីដែលគួរឲ្យសោកស្តាយនោះ ដោយជនរងគ្រោះ មិនបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី៣ ដើម្បីឲ្យសមត្ថកិច្ចដាក់បន្ទុក ទៅលើជនសង្ស័យ ទៅកាន់តុលាការ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សួង សាម



