នៅពេលនេះ ស្ថានភាព Covid-19 នៅប្រទេសថៃ ត្រូវបានគេចាត់ទុកថានៅតែជាវិបត្តិដ៏ធ្ងន់ធ្ងរនៅឡើយ។ ហើយចំនួនអ្នកជំងឺឆ្លង និងស្លាប់ ក៏ហាក់មិនមានការថមថយនោះដែរ ជាពិសេសចំនួនអ្នកស្លាប់ចុងក្រោយបង្អស់ បានកើនឡើងខ្ពស់ដល់ទៅ ៥១ នាក់ក្នុងមួយថ្ងៃ។

ជាក់ស្តែង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកមួយឈ្មោះថា Wat Rat Prakongtham បានបង្ហោះនូវព័ត៌មានក្តៅគួរឲ្យរន្ធត់មួយ ដោយស្រ្តីអាយុ ៣៣ ឆ្នាំ ម្នាក់ មានផ្ទៃពោះ ៨ ខែ បានស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរ ដោយសារជំងឺកូវីដ១៩។ ហើយលទ្ធផលវះកាត់ ក៏បានបញ្ជាក់ទារកនៅក្នុងផ្ទៃ ក៏បានស្លាប់ក្នុងពេលតែមួយគ្នានោះផងដែរ។
បន្ទាប់មក ក្រុមគ្រូពេទ្យក៏យកសពទារក ចេញមកខាងក្រៅផ្ទៃ មកក្រៅដាក់លើទ្រូងម្តាយឲ្យម្តាយឱប ដើម្បីឲ្យម្តាយ និងកូនបាននៅជាមួយគ្នារហូតទៅ មុនយកទៅបូជា នៅក្នុងវត្ដ សាវ ថុងហុីន ស្ថិតនៅស្រុកប៉ាងយ៉ៃ ខេត្ដ ណន់ថាបូរី ។

គួរបញ្ជាក់ថា នៅសល់តែមួយខែទៀតតែប៉ុណ្ណោះ ទារកនោះនឹងត្រូវបានកើតចេញមកហើយ ប៉ុន្ដែ ជាអកុសល ម្ដាយរបស់ទារកនោះ ទទួលនូវជោគវាសនាមិនល្អ បានឆ្លងជំងឺដ៏កំណាចមួយនេះ ដែលបានផ្តាច់យកជីវិតទាំងម្តាយនិងទារក ក្នុងពេលតែមួយដ៏គួរឲ្យអាសូរបំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







