Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលជំនួបលើកដំបូង រវាងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយអ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា

ភ្នំពេញ ៖ លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបពិភាក្សាលើកដំបូង ជាមួយលោក វីទិត មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ។

នៅក្នុងជំនួបពិភាក្សាភាគីទាំងពីរ ផ្តោតលើចំណុចសំខាន់ចំនួន៣ រួមមានៈ
១.វឌ្ឍនភាពការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពាក់ព័ន្ធការរៀបចំរបាយការណ៍សិទ្ធិមនុស្ស ជូនអង្គការសហប្រជាជាតិ ការងារជំនួយផ្នែកច្បាប់និងដោះស្រាយបណ្តឹងពលរដ្ឋ ការងារត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សអ្នកជាប់ឃុំក្នុងពន្ធនាគារ និងដំណើរការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។

២. វិធានការច្បាប់និងរដ្ឋបាលឆ្លើយតបនឹងកូវីដ-១៩។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម កែវ រ៉េមី បានធ្វើការឆ្លើយបំភ្លឺនិងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដាក់ចេញវិធានការចាំបាច់នានា ក្នុងគោលដៅការពារអាយុជីវិតនិងសុខភាពរបស់ពលរដ្ឋ ធានាបាននូវស្ថេរភាពនយោបាយនិងសេដ្ឋកិច្ច ក៏ដូចជាទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដែលរងផលប៉ះពាល់ពីកូវីដ-១៩ ផងដែរ ដោយផ្អែកលើការអនុវត្តវិធានការដូចគ្នានេះនៅបណ្តាប្រទេសប្រជាធិបតេយ្យធំៗដទៃទៀត គោលការណ៍ច្បាប់សិទ្ធិមនុស្សជាតិនិងអន្តរជាតិ រួមទាំងបរិបទសង្គមរបស់កម្ពុជា។

៣. លំហនយោបាយ ប្រជាធិបតេយ្យ និងសង្គមស៊ីវីល។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម កែវ រ៉េមី បានធ្វើការបង្ហាញពីវឌ្ឍនភាពនៃដំណើការទទួលពិនិត្យសំណើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាល រួមទាំងការបង្កើតនិងធ្វើសកម្មភាពដោយសេរីរបស់បក្សនយោបាយនិងសង្គមស៊ីវីល ដែលត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់ ហើយវិធានការច្បាប់លើបក្សនយោបាយ សង្គមស៊ីវីល និងសកម្មជនមួយចំនួនដែលបំពានច្បាប់នាពេលកន្លងមក មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែផ្ទុយទៅវិញជាការអនុវត្តនីតិរដ្ឋ។

នៅទីបញ្ចប់ ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈក្នុងការបន្តកិច្ចសហការ និងកិច្ចសន្ទនាគ្នាលើវិស័យសិទ្ធិមនុស្ស ហើយឯកឧត្តម កែវ រ៉េមី ក៏បានស្នើសុំផងដែរ ឱ្យអ្នករាយការណ៍ពិសេស ធ្វើរបាយការណ៍និងផ្តល់អនុសាសន៍ ប្រកបដោយតុល្យភាព ឆ្លុះបញ្ចាំងពីបញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងត្រូវផ្អែកលើបរិបទរបស់កម្ពុជា៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×