ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់អ្នកជំងឺកូវីដម្នាក់ នៅក្នុងមន្ទីរពេទ្យមួយកន្លែង នៅផ្លូវ Phahon Yothin ក្នុងស្រុក Thanaburi កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនបានហើយ បន្ទាប់ពីបានគេចខ្លួនបានប៉ុន្មានម៉ោងប៉ុណ្ណោះ។

យោងតាមប្រភពសារព័ត៌មានមួយរបស់ថៃ បានឲ្យដឹងថា ខ្មាន់កាំភ្លើងរូបនេះបានឆ្មក់ចូលក្នុងមន្ទីរពេទ្យមួយនៅក្នុងតំបន់ Thanaburi ហើយបានបាញ់រះ និងសម្លាប់អ្នកជំងឺកូវីដម្នាក់យ៉ាងសាហាវដូចបាញ់សត្វអុីចឹង។ ខ្មាន់កាំភ្លើង ត្រូវបានគេរាយការណ៍ គឺស្ថិតក្នុងឈុតសម្លៀកបំពាក់អាវប៉ារ៉ា និងពាក់មូកក្រហម បានចូលក្នុងមន្ទីរពេទ្យ ដែលជាកន្លែងកើតហេតុ នៅវេលាម៉ោង ៣ និង ៣០ នាទី ដោយបានបាញ់បំបែកទ្វារកញ្ចក់។ ហើយស្របពេលអ្នកជំងឺកូវីដ១៩អាយុ ៥៤ ឆ្នាំម្នាក់ ចេញពីបន្ទប់ទឹក ក៏ត្រូវជាគោលដៅជនរូបនេះបាញ់ប្រហារតែម្តង។
ក្នុងហេតុការណ៍នេះផងដែរ គេក៏បានបញ្ជាក់ឲ្យដឹងថា ពុំមានអ្នកណាផ្សេងទៀត បានរងរបួស ដោយសារគ្រាប់កាំភ្លើងរបស់ជនរូបនេះ ដែលបានបន្តបាញ់រះនៅក្នុងមន្ទីរពេទ្យទៀត បន្ទាប់ពីបានបាញ់សម្លាប់អ្នកជំងឺម្នាក់រួចមក។ ហើយខ្មាន់កាំភ្លើងរូបនេះក៏ត្រូវបានដឹងថា បានឡើងជិះរថយន្ត pickup ១គ្រឿង គេចខ្លួន បន្ទាប់ពីធ្វើការបាញ់ប្រហារ។

អ្នកនាំពាក្យទាហានលោកវរសេនីយឯក Sirichan Ngathong បាននិយាយថា ខ្មាន់កាំភ្លើងដែលស្ថិតក្នុងឈុតអាវប៉ារ៉ារូបនេះ គឺមិនមែនជាទាហានទៀតនោះទេ និងបានបញ្ជាក់ថា រូបគេត្រូវបានបណ្តេញចេញពីជួរកងទ័ពយូរហើយ។

បន្ទាប់ពីហេតុការណ៍បានកើតឡើងភ្លាមៗ អត្តសញ្ញាណរបស់ជនរូបនេះ ពុំអាចត្រូវបានបញ្ជាក់បាននោះទេ ។ តែយ៉ាងណា នៅពេលនេះ ខ្មាន់កាំភ្លើងរូបនេះត្រូវបានស្គាល់អត្តសញ្ញាណហើយ គឺជាអតីតទាហានមានឈ្មោះ Kawin Saengnikul អាយុ ២៣ ឆ្នាំ ដែលត្រូវបានបណ្តេញចេញពីជួរកងទ័ព កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ មកម្ល៉េះ ហើយរូបគេជាមនុស្សមានបញ្ហាផ្លូវចិត្តទៀតផង។
ប៉ូលីសក៏បានបញ្ជាក់ថា Saengnikul ត្រូវបានសង្ស័យថា គឺជាជនដៃដល់ដែលបានបើកការបាញ់ប្រហារ នៅក្នុងផ្សារមួយកន្លែង ហើយសម្លាប់បុគ្គលិកម្នាក់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





