Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម Wang Yi ៖ បណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិក គឺជាអ្នកត្រួសត្រាយ អ្នករួមចំណែក និងជាជនគំរូ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា នាថ្ងៃទី២៣ ខែមិថុនា ឯកឧត្តម Wang Yi ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំសន្និសីទជាន់ខ្ពស់អាស៊ី-ប៉ាស៊ីហ្វិក ស្តីពីកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ នៅក្នុងរដ្ឋធានីប៉េកាំងប្រទេសចិន និងបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅ ជាមួយបណ្តាភាគីដែលបានចូលរួមក្រោមប្រធានបទ ពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់លើជំងឺវីរុសកូវីដ-១៩ និងការជំរុញកិច្ចការស្តារសេដ្ឋកិច្ចឡើងវិញ។

ឯកឧត្តម Iván Duque Márquez ប្រធានាធិបតីកូឡុំប៊ី ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំ រដ្ឋមន្រ្តីក្រសួងការបរទេសចំនួន២៩ប្រទេស ក៏ដូចជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងអគ្គនាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំខាងលើ។

ឯកឧត្តម Wang Yi មានប្រសាសន៍ថា បណ្តាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកគឺជាអ្នកត្រួសត្រាយ អ្នករួមចំណែក និងជាជនគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ។ ភាគីចិនរីករាយសហការជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដើម្បីជំរុញការអភិវឌ្ឍ ខ្សែក្រវាត់និងផ្លូវ ដែលមានគុណភាពខ្ពស់ ផ្តល់ដំណោះស្រាយអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ការប្រយុទ្ធប្រឆាំងលើជំងឺវីរុស បញ្ចូលកម្លាំងរស់រវើកនៃអាស៊ី-ប៉ាស៊ីហ្វិក ទៅក្នុងទំនាក់ទំនងសកលលោក និងបង្ហាញពីទំនុកចិត្តអាស៊ី-ប៉ាស៊ីហ្វិក សម្រាប់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ប្រកបដោយនិរន្តរភាព និងព្រមទាំងរួមចំណែកកាន់តែធំធេង ក្នុងការកសាងសហគមន៍ជោគវាសនារួម សម្រាប់អាស៊ី-ប៉ាស៊ីហ្វិកនិងមនុស្សជាតិ។

ឯកឧត្ដម ប្រាក់ សុខុន មានប្រសាសន៍ថា កិច្ចប្រជុំខាងលើនេះមានសារៈសំខាន់ណាស់ ក្នុងការសម្របសម្រួលប្រទេសនានាក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង លើជំងឺវីរុសនិងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។ បណ្តាប្រទេសគួរតែគាំទ្រពហុភាគីនិយម បើកចំហនិងយោគយល់គ្នា ជំរុញកិច្ចសហប្រតិបត្តិការភាព ជាដៃគូអន្តរជាតិ ធានាបានការទទួលបានវ៉ាក់សាំងកូវីដប្រកបដោយយុត្តិធម៌ រួមគ្នាសម្រេចបាននូវការស្តារសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព។

បណ្ដាភាគីតំណាងបានបង្ហាញពីការយល់ឃើញដូចគ្នាថា កិច្ចប្រជុំលើកនេះបានជួយលើកកម្ពស់ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ជាមួយបណ្ដាភាគីក្នុងការតបទល់ជាមួយ បញ្ហាប្រឈមជាសកលយ៉ាងទាន់ពេលវេលានិងសំខាន់ និងជួយជំរុញវឌ្ឍនភាពថ្មីៗ កាន់តែច្រើនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×