ភ្នំពេញ ÷ បុរស២នាក់ បានស្លាប់បាត់បង់ជីវិតម្នាក់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀត បានគេចខ្លួនរួច បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ចូលទៅវាយនិងកាប់មួយដាវ ទៅលើជនដៃដល់នៅក្នុងបន្ទប់ជួល បន្ទាប់មកជនដៃដល់ និងបក្ខពួកបាននាំគ្នាវាយតដៃមកវិញ និងយកឈើជ្រុងវាយចំក្បាលជននោះមួយឈើជ្រុង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ចំណែកឯបក្ខពួកម្នាក់ទៀត រត់គេចខ្លួនរួច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០ នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ខេមសុគន្ធ ភេទប្រុសអាយុ ៤២ ឆ្នាំ មុខរបរ មិនពិតប្រាកដ
បច្ចុប្បន្នស្នាក់នៅផ្ទះ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
ចំណែកឯបក្ខពួកនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញបុរស២នាក់ បានជិះម៉ូតូម៉ាកអាយខន មួយគ្រឿង មិនចាំផ្លាកលេខ ប្រដាប់ទៅដោយដាវមួយដើម បានចូលទៅរករឿងយុវជនមួយក្រុម ដល់ក្នុងបន្ទប់ជួល មិនដឹងថាពួកគាត់ធ្លាប់មានរឿងគំនុំនឹងគ្នា ពីពេលណាមកឡើយ បន្ទាប់មកភាគីខាងបក្ខពួកជនរងគ្រោះ បានយកដាវកាប់ទៅលើយុវជនមួយក្រុមនោះ បណ្តាលឲ្យត្រូវដៃរងរបួសម្នាក់ ស្រាប់តែបក្ខពួកខាងយុវជនមួយក្រុមនោះខឹង បាននាំគ្នាតដៃមកវិញ ប្រដាប់ដោយដំបងឈើជ្រុង បានវាយទៅលើជនរងគ្រោះមួយដំបងចំក្បាល ដួលនៅកន្លែង និងបក្ខពួកជនរងគ្រោះម្នាក់ទៀត បានរត់គេចខ្លួនរួច ចំណែកឯភាគីជនដៃដល់ និងបក្ខពួកបាននាំគ្នារត់ចូលក្នុងបន្ទប់ជួលអស់ទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកដល់ រួចបានឃាត់ខ្លួនមនុស្ស៥នាក់ ដែលជាភាគីខាងជនដៃដល់ យកទៅធ្វើការសួរនាំនៅ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមច្បាប់៕ រក្សាសិទ្ធិដោយ៖សា មេត




