Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្តណាស់ ! ពលរដ្ឋទៅធ្វើតេស្តកូវីដ បែរមន្ទីរពេទ្យបង្អែកនេះតម្រូវឲ្យបង់លុយម្នាក់ ៦ ម៉ឺនរៀល ពេលនេះក្រុមការងារចុះសងលុយតាមផ្ទះវិញអស់ហើយ (វីដេអូ)

នេះជារឿងមួយដ៏គួរឲ្យឆ្ងល់ខ្លាំងណាស់ ព្រោះថាយើងគ្រប់គ្នាធ្លាប់តែបានដឹងថា ជាធម្មតា នៅពេលទីកន្លែងណាផ្ទុះកូវីដ នោះពេទ្យតែងតែចុះទៅយកសំណាកដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនោះទេ ប៉ុន្តែ ចម្លែកអី សម្រាប់គ្រួសារប្រជាពលរដ្ឋប្រមាណ ១៨ គ្រួសារទាំងនេះ បែរជាក្រសួងសុខាភិបាលចុះមកធ្វើការបិទខ្ទប់ ក្រោយរកឃើញមានអ្នកស្លាប់ឆ្លងកូវីដ១៩ ហើយបែរជាឲ្យចេញទៅធ្វើសំណាកយ៉ាងប្រសេចប្រសាច នៅមន្ទីរពេទ្យបង្អែក ហើយពួកគាត់ត្រូវបង់លុយថ្លៃធ្វើសំណាកក្នុងម្នាក់ ៦ ម៉ឺនរៀល សូម្បីតែកូនក្មេង។

តាមសម្តីលោកពូប្រធានភូមិ និងក៏ដូចបងប្អូនប្រជាពលរដ្ឋ ដែលកំពុងត្រូវបានបិទខ្ទប់ បានឲ្យដឹងថា ក្រោយរកឃើញសពលោកតាម្នាក់ ដែលបានស្លាប់បន្តរំលងបានប៉ុន្មានក្រោយប្រពន្ធរបស់គាត់បានស្លាប់ថាឆ្លងកូវីដ ពួកគាត់ពុំឃើញខាងក្រសួងសុខាភិបាល មកចុះមកពិនិត្យ និងយកសំណាកដល់ពួកគាត់ដែលមានប្រមាណ ១៨ គ្រួសារ នោះទេ ដោយទុកឲ្យពួកគាត់ទៅធ្វើនៅខាងក្រៅ នៅឯមន្ទីរពេទ្យបង្អែកស្រុកអង្គស្នួល (បែកចាន) ហើយគេតម្រូវឲ្យបង់លុយថ្លៃធ្វើសំណាកក្នុងម្នាក់ៗ ៦ ម៉ឺនរៀល ទៀតផង។

តែយ៉ាងណា ជុំវិញរឿងដ៏មិននឹកស្មានដល់នេះ ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ ម្សិលមិញនេះ ក្រោយបានទទួលដំណឹង បានចុះស្រាវជ្រាវករណីខាងលើ ដែលបានកើតឡើងនៅក្នុងភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងបានសាកសួរព័ត៌មានពលរដ្ឋទាំងនោះ ទើបដឹងថា មានប្រជាពលរដ្ឋជាប់ពាក់ព័ន្ធជំងឺកូវីដ១៩ និងត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន ២០ គ្រួសារ ក្នុងនោះអ្នកទៅធ្វើសំណាកបានទៅមន្ទីរពេទ្យបង្អែកអង្គស្នួល (បែកចាន) ចំនួន ៣៩ នាក់ ដោយបានបង់ថ្លៃធ្វើសំណាក់ក្នុងម្នាក់ៗចំនួន ៦០,០០០ រៀល (សរុបស្មើ ២,៣៤០,០០០ រៀល) ។

បន្ទាប់មក នៅថ្ងៃទី២៤ ខែមិថុនា ដដែល ឯកឧត្តម សុខចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួល បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋពាក់ព័ន្ធដោយប្រយោលនិងអ្នកជំងឺកូវីដ-១៩ ដែលនៅធ្វើចត្តាឡីស័កតាមផ្ទះ ចំនួន ២០ គ្រួសារទាំងនោះ និងបានសម្របសម្រួលឧបត្ថម្ភជួយចេញថវិកា ដល់អ្នកដែលបានទៅយកសំណាកបង់លុយក្នុងម្នាក់ៗ ចំនួន ៦០,០០០ រៀល វិញផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×