Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធររាជធានី មិនអនុញ្ញាតឱ្យជួបជុំពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈ

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹងការអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ឱ្យម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដោយ ក្រៅពីមិនអនុញ្ញាតឱ្យបើកការ៉ាអូខេ ក្លឹបកម្សាន្ត ក្លឹបហាត់ប្រាណជាដើមហើយនោះ ក៏មិនអនុញ្ញាតឱ្យមានការជួបជុំគ្នា ពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈ។ អ្នកដែលប្រព្រឹត្តិករណីនេះ ត្រូវតែឃាត់ខ្លួន ដោយអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច មកអប់រំនិងផ្សព្វផ្សាយព័ត៌មាន ជាសាធារណៈថែមទៀត។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១នេះ ក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ ស្នងការប៉ូលីស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានលើកឡើងថា ៖ “អាជ្ញាធរខណ្ឌទាំង១៤ ត្រូវតែពង្រឹងការអនុវត្តវិធាន របស់ក្រសួងសុខាភិបាលឱ្យម៉ឺងម៉ាត់បំផុត ដោយសារថា ជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈនេះ នៅតែបន្តការរីករាលដាលមិនឈប់ឈរនូវឡើយទេ។ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំង ប៉ូលីសនិងកងរាជអាវុធហត្ថ ត្រូវតែដាក់កម្លាំងល្បាតនៅក្នុងមូលដ្ឋានទាំងយប់និងថ្ងៃ ដោយ ក្រៅពីមិនអនុញ្ញាតឱ្យបើកការ៉ាអូខេ ក្លឹបកម្សាន្ត ក្លឹបហាត់ប្រាណជាដើមហើយនោះ យើងក៏មិនអនុញ្ញាតឱ្យក្មេងស្ទាវ ជួបជុំគ្នាពពាក់ពពូន ផឹកស៊ីនៅតាមទីសាធារណៈដែរ ដូចជានៅផ្លូវ៦០ម៉ែត្រ ឬនៅតំបន់លីយ៉ុងផាត់ជាដើម ។ អ្នកដែលប្រព្រឹត្តិករណីនេះ ត្រូវតែឃាត់ខ្លួនដោយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចយកមកអប់រំ និងផ្សព្វផ្សាយព័ត៌មានជាសាធារណៈ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងមិនបានហាមឃាត់ ចំពោះការហូបចុកជាលក្ខណៈគ្រួសារនោះទេ”។

លោកបន្តទៀតថា ការបណ្តែតបណ្តោយ ឱ្យមានការលួចបើកការ៉ាអូខេ ក្លឹបកម្សាន្ត ម៉ាស្យា ក្លឹបហាត់ប្រាណជាដើម នៅក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួន ហើយស្រាប់តែទីតាំងទាំងនោះបានផ្ទុះឡើងនូវជម្ងឺកូវីដ-១៩ អភិបាលខណ្ឌ ត្រូវទទួលខុសត្រូវដោយខ្លួនឯង។

អាជ្ញាធរខណ្ឌមានលើកឡើងថា ជម្ងឺកូវីដ-១៩ នៅតែបន្តកើតមាននៅក្នុងមូលដ្ឋានរាល់ថ្ងៃ ហើយភាគច្រើនកើតនៅតាមការដ្ឋានសំណង់ សិប្បកម្ម កម្មករនិងបុគ្គលិកក្រុមហ៊ុនឯកជន ដោយរាយប៉ាយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌនឹងពង្រឹងការអនុវត្តវិធានការម៉ឺងម៉ាត់បំផុត ទៅតាមការណែនាំ របស់រដ្ឋបាលរាជធានី និងថ្នាក់ជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះបន្ថទៀត។

ចំពោះការចាក់វ៉ាក់សាំងការពារកូវីដ-១៩វិញ លោក ឃួង ស្រេង បានបញ្ជាក់ថា នៅភ្នំពេញប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់មកទទួលការចាក់វ៉ាក់សាំងនូវឡើងទេ ដូច្នេះអាជ្ញាធរខណ្ឌទាំងអស់ ត្រូវចុះស្រង់ស្ថិតិ និងស្វែងរកមូលហេតុ ឱ្យបានច្បាស់លាស់ ថាតើ ហេតុអ្វីមកដល់ម៉ោងនេះហើយ ពួកគាត់នៅមិនទាន់បានចាក់វ៉ាក់សាំង។ លោកបន្តថា ៖រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការចាក់វ៉ាក់សាំងនេះ នៅតាមមណ្ឌលសុខភាពខណ្ឌទាំងអស់ ដោយផ្តើមអនុវត្តចាប់ពីថ្ងៃអាទិត្យទី២៧ មិថុនានេះ រហូតដល់ថ្ងៃទី៨ កក្កដា ២០២១។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដែលមិនទាន់បានចាក់វ៉ាក់សាំង រួសរាន់មកទទួលចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដើម្បីឱ្យក្រុមគ្រូពេទ្យយើង បានបន្តទៅចាក់ឱ្យប្រជាពលរដ្ឋ នៅបណ្តាខេត្តផ្សេងៗទៀត៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×