Saturday, September 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានថ្មី នៃគ.ជ.ប នឹងប្រកាសចូលកាន់តំណែងនៅថ្ងៃ០១ ខែកក្កដា

ភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលទេ លោក ប្រាជ្ញ ចន្ទ ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ប្រាប់ CEN នៅរសៀលថ្ងៃទី២៥ ខែមិថុនា នេះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងរៀបចំការប្រកាស ចូលកាន់តំណែងលោកប្រាជ្ញ ចន្ទ ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទៅ០១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

លោកប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោកស៊ិក ប៊ុនហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

ការចេញព្រះរាជក្រឹត្យតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីអង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយទទួលបានសំឡេងព្រមចំនួន ៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ស៊ិក ប៊ុនហុក ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានតែងតាំងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥។

ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងអញ្ជើញចូលស្បថនៅ ក្នុងព្រះបរមរាជវាំងនារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នេះ មុននឹងចូលកាន់តំណែង។

លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូបក្នុងចំណោមពីរូប (លោក ប្រាជ្ញ ចន្ទ និង លោកការ លាន) ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.ប. ទៅកាន់រដ្ឋសភាហើយដែលត្រូវបានជ្រើសរើស ដោយគណបក្សប្រជាជនកម្ពុជាទៅតាមច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគ.ជ.ប។

លោកប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃចន្លោះពីឆ្នាំ១៩៩១ដល់ ២០០១ ជាអភិបាលខេត្តបាត់ដំបង,ពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំ,ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប.នាពេលនេះ។

គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចជ្រើសរើសយកលោក ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជំនួសលោក ស៊ិក ប៊ុកហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប.។

គួររំលឹកថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគ.ជ.ប. ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួនពីររូបគឺលោក ប្រាជ្ញ ចន្ទ និង លោក ការ លាន ហើយបានបញ្ជូនទៅគណបក្សប្រជាជនកម្ពុជា ឱ្យជ្រើសរើសបេក្ខជនចំនួនមួយរូបផ្ញើមក គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានទទួលលិខិតឆ្លើយតប របស់គណបក្សប្រជាជនកម្ពុជាកាលពីព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២១ គឺបានសម្រេចជ្រើសរើសលោក ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគ.ជ.ប.។

សូមជម្រាបថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅបានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត របស់លោក ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទនិងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប. និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ. ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីលោក ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ។ ការលែងពីតំណែងគជប របស់លោកស៊ិក ប៊ុនហុក គឺដោយសារបញ្ហាសុខភាព និងមានវ័យចំណាស់៕ រក្សាសិទ្ធិដោយ : ចេស្តារ

×