CAMSOC-ភ្នំពេញ៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា និងជាម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ សាលី អ៊ូមើត នឹងចូលរួមការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកពិភពលោក Jet Ski World Series 2021-2022 ដែលធ្វើឡើងនៅ ៣ទ្វីបផ្សេងគ្នា នាចុងឆ្នាំនេះ។

ព្រឹត្តិការណ៍កីឡាម៉ូតូទឹកដ៏ធំនេះ សម្រាប់ជុំទី១ នឹងចាប់ផ្ដើមការប្រកួតមុនគេនៅប្រទេសប៉ូឡូញនៃតំបន់អឺរ៉ុប ចាប់ពីថ្ងៃទី២១-២៥ ខែកក្កដា ឆ្នាំ២០២១ ខាងមុខ ខណៈជុំទី២ នឹងប្រកួតនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៦-១០ ខែតុលា ឆ្នាំ២០២១ និងជុំទី៣ ប្រកួតនៅប្រទេសថៃ នៃតំបន់អាស៊ី ចាប់ពីថ្ងៃទី១២-១៦ ខែមករា ឆ្នាំ២០២២។
សាលី អ៊ូមើត បានឲ្យដឹងថា បេសកកម្មនេះ ខ្លួននឹងចូលរួមជាមួយសិស្សប្អូន២រូបទៀតរួមមានកីឡាករ កៃ វ៉ាន់ស៊ីដែន និង ម៉ីន អូស្មាន ហើយរូបគេ នឹងបន្ដចូលរួមប្រកួតលើវិញ្ញាសាស្គីឈរ(Ski GP) ដែលជាវិញ្ញាសាធំជាងគេក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។ បច្ចុប្បន្ន អ៊ូមើត កំពុងខិតខំហ្វឹកហាត់ជាខ្លាំងនៅប្រទេសថៃ ដើម្បីត្រៀមការប្រកួតនាពេលខាងមុខ។

ប៉ុន្ដែសម្រាប់ការប្រកួតជុំទី១ នៅប្រទេសប៉ូឡូញ អ៊ូមើត ហាក់មិនសូវមានសង្ឃឹមខ្ពស់នោះទេ ព្រោះមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីហ្វឹកហាត់ជាមួយម៉ូតូថ្មី ដែលបច្ចុប្បន្នស្ថិតនៅប្រទេសអូទ្រីសនៅឡើយ។ តែយ៉ាងណា អ៊ូមើត បានប្ដេជ្ញានឹងប្រើប្រាស់បច្ចេកទេស និងបទពិសោធន៍ដែលខ្លួនមាន ដើម្បីគ្រប់គ្រងម៉ូតូ និងឈានទៅដណ្ដើមលទ្ធផលល្អ ឆ្ពោះទៅជុំទី២ និងជុំទី៣ ពិសេសដើម្បីដណ្ដើមចំណាត់ថ្នាក់ល្អតែម្ដង។
កីឡាករខ្មែរឥស្លាមរូបនេះ និយាយថា «ក្នុងព្រឹត្តិការណ៍នេះ ជុំទី១ ខ្ញុំសង្ឃឹមតែ៥០% ដោយសារអត់សូវមានពេលវេលាគ្រប់គ្រាន់ ដើម្បីហ្វឹកហាត់ជាមួយម៉ូតូថ្មី ដែលបច្ចុប្បន្នស្ថិតនៅអូទ្រីសនៅឡើយ។ អ៊ីចឹងអាចដាច់ខែនេះ ប្រហែលថ្ងៃទី៤ ខែកក្កដា ខ្ញុំទៅអាល្លឺម៉ង់ ទៅផ្ទះម្ចាស់ក្លឹប ហើយបន្ដទៅអូទ្រីស ដើម្បីយកម៉ូតូ ទើបអាចមានពេល២សប្ដាហ៍ ដើម្បីហ្វឹកហាត់។ តែរយៈពេលនេះ មិនជារឿងងាយស្រួលទេ ព្រោះម៉ូតូថ្មី បើបានហ្វឹកហាត់១ខែ ទៅ២ខែឡើងទៅ ទើបល្អ» ។

អ៊ូមើត បន្ដថា «ប៉ុន្ដែក្នុងនាមកីឡាករមានបទពិសោធន៍ម្នាក់ ខ្ញុំប្ដេជ្ញានឹងប្រើបទពិសោធន៍ និងបច្ចេកទេសរបស់ខ្ញុំ ធ្វើឲ្យបានល្អក្នុងការប្រកួតនេះ។ អ្វីដែលរំពឹងទុក ក្នុងជុំទី១ ខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អ ដើម្បីសន្សំពិន្ទុ បន្ដទៅជុំទី២ និងជុំទី៣ទៀត។ ខ្ញុំប្ដេជ្ញានឹងខិតខំហ្វឹកហាត់ ដើម្បីត្រៀមប្រកួត និងតបស្នងនូវការឧបត្ថម្ភគាំទ្រ ជាក់ស្ដែងម្ចាស់ក្លឹប ដែលបានចំណាយថវិកា និងទិញម៉ូតូថ្មីឲ្យខ្ញុំ សម្រាប់ចូលរួមព្រឹត្តិការណ៍ធំៗ ពិសេសខ្ញុំនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្ដើមលទ្ធផលល្អជូនប្រទេសជាតិរបស់យើង ក៏ដូចជាក្លឹប ដែលខ្ញុំកំពុងប្រកបអាជីពនៅប្រទេសថៃ» ។

គួរដឹងថា សាលី អ៊ូមើត បានចូលរួមប្រកួតលើវិញ្ញាសា Ski GP លើកដំបូង ក្នុងព្រឹត្តិការណ៍ពិភពលោកនេះ នៅប្រទេសថៃ កាលពីចុងខែមេសាកន្លងទៅ ហើយគេបានបំបែកកំណត់ត្រាថ្មី ក្នុងនាមជាកីឡាករអាស៊ីដំបូង ដែលដណ្ដើមបានចំណាត់ថ្នាក់ Top-10 ក្រោយបញ្ចប់ការប្រកួតក្នុងចំណាត់ថ្នាក់លេខ៤ ទោះបី អ៊ូមើត បានប្រើម៉ូតូទឹកចាស់ ដែលខ្លួនបានយកទៅប្រកួត និងដណ្ដើមបានមេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ីក៏ដោយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ







