ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា នៅទី២៥ ខែមិថុនា ឆ្នាំ ២០២១ បានសម្របសម្រួលជូនប្រជាពលរដ្ឋខ្មែរមួយក្រុមទៀត ដែលបានបញ្ចប់បេសកកម្មការងារ និងជាប់គាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមជើងហោះហើរសង្គ្រោះ ដែលរៀបចំដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីធ្វើមាតុភូមិនិវត្តន៍ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ពីប្រទេសកម្ពុជា។

នេះ គឺជាការរៀបចំជើងហោះហើរសង្គ្រោះលើកទី ៦ ពីប្រទេសមីយ៉ាន់ម៉ា ហើយដែលនឹងដឹកជញ្ជូនពលរដ្ឋ មីយ៉ាន់ម៉ា ប្រមាណជាង ១៤០ នាក់ ពីប្រទេសកម្ពុជាត្រឡប់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញផងដែរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២១ នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាបានសហការជាមួយ ក្រសួងការបរទេស មីយ៉ាន់ម៉ា និងស្ថានឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ា នៅរាជធានីភ្នំពេញក្នុងការរៀបចំ ជើងហោះហើរសង្គ្រោះ ចំនួន ៦លើក និងបានសម្របសម្រួល ក្នុង ការរៀបចំជើងហោះហើរ ឯកជន (Charter Flight) ចំនួន ២ លើក ជូនបងប្អូនពលរដ្ឋខ្មែរនៅប្រទេសមីយ៉ាន់ម៉ា សរុប ចំនួន ១៨៣ នាក់ ក្នុងនោះ រួមមាន ព្រះសង្ឃ ៥០ អង្គ និងដូនជី ៣នាក់៕ រក្សាសិទ្ធិដោយៈ ចេស្តារ