ខេត្តស្ទឹងត្រែង ៖ មានករណីឃាតកម្មបាញ់សម្លាប់មនុស្សពីរនាក់នៅផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅវេលាម៉ោងប្រមាណជា ៥រសៀល ថ្ងៃទី២៥ ខែមិថុនា នេះ ។ ករណីឃាតកម្មនេះ សមត្ថកិច្ចនៅមិនទាន់ បញ្ជាក់ថា ជាករណីអ្វីនៅឡើយទេ ដោយខាងសមត្ថកិច្ចជំនាញកំពុងតែពិនិត្យនៅកន្លែងទីតាំងកើតហេតុ។

ចំណែកជនរងគ្រោះជាស្ត្រីឈ្មោះ សឿន ណារី អាយុជាង ២០ឆ្នាំ ។ រីឯបុរសដែលស្លាប់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកដែលស្លាប់ទាំងពីរនាក់នេះ គឺជាប្តីប្រពន្ធ។ មុនពេលកើតហេតុគេឃើញមានការជជែកគ្នា ហើយមួយសន្ទុះក្រោយមកក៏ឮសម្លេងផ្ទុះបង្កឲ្យមានការភ្ញាក់ផ្អើល ក៏នាំគ្នាទៅមើលស្រាប់តែឃើញដេកស្លាប់ទាំងពីរនាក់ប្តីប្រពន្ធ។
ទាក់ទងករណីនេះ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់ CEN ថា ព័ត៌មានបឋម គឺបុរសម្នាក់នឹងបានបាញ់សម្លាប់នារីម្នាក់ ហើយបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង។ ហើយនៅមិនទាន់សន្និដ្ឋានថា ជាករណីអ្វីនៅឡើយទេ៕ ដោយៈ ចេស្តារ





