ភ្នំពេញ ÷ ស្រ្តីម្នាក់បានបាត់បង់ជីវិត នៅពាក់កណ្តាលផ្លូវ បន្ទាប់ពីប្តីរបស់នាងបានបីចេញពីបន្ទប់ ដើររកគ្រូពេទ្យឲ្យជួយសង្រ្គោះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅជិតខាង និងសមត្ថកិច្ចចុះមកជួយពិនិត្យ នៅនឹងកន្លែងកើតហេតុភ្លាមៗ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១១ និង០០នាទីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ស្រីល័ក្ខ ភេទស្រីអាយុ២០ឆ្នាំជាង មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅជិតនឹងកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅខេត្តតាកែវ (ស្លាប់)។
ប្តីមានឈ្មោះ មាំង ភេទប្រុសអាយុ ២៥ ឆ្នាំ មុខរបររើសអេតចាយ បច្ចុប្បន្ន ស្នាក់នៅជាមួយប្រពន្ធ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។

យោងតាមប្រភពព័ត៌មាន ពីអ្នកមីងម្នាក់រស់នៅជិតស្រ្តីរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា ដោយស្រ្តីរងគ្រោះនាងមានគភ៌ នៅក្នុងផ្ទៃ២ខែ បន្ទាប់មកនាងក៏បានទៅយកគភ៌នោះចេញ ក្រោយមកទៀតរូបនាង តែងតែចុកនិងធ្លាក់លោហិត មកដុំៗនិងចេះតែចុកពោះ លុះមកដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែ ស្រ្តីរងគ្រោះរូបនោះ បានចុកពោះនិងបន្តធ្លាក់លោហិតមកបន្តបន្ទាប់ ក្រោយមកប្តីរបស់នាង ក៏បានបីរូបនាងមកដើររកពេទ្យ ដើម្បីឲ្យជួយសង្រ្គោះ ខណៈបីមកដល់ពាក់កណ្តាលផ្លូវ ចំណុចផ្លូវ២០០២ នាងបានដាច់ខ្យល់បាត់ទៅហើយ ក្រោយមកបានបងប្អូនអ្នកជិតខាង បានទាក់ទងទៅសមត្ថកិច្ច ឲ្យចុះមកកន្លែងកើតហេតុភ្លាមៗផងដែរ។

ក្រោយពេលសមត្តកិច្ច ចុះមកដល់រួចក៏បានយកខ្សែចងព័ទ្ធជុំវិញសព ដើម្បីទំនាក់ទំនងទៅក្រុមគ្រូពេទ្យ ឲ្យចុះមកយកសំណាករកវិជ្ជមានកូវីដ១៩ បន្ទាប់ពីក្រុមគ្រូពេទ្យពិនិត្យរួច ដោយបញ្ជាក់ថា នាងគឺអវិជ្ជមានកូវីដ១៩ បន្ទាប់មកធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត


