ភ្នំពេញ ៖ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដែលត្រូវបានរៀបចំឡើង ក្រោមប្រធានបទ «ចែករំលែកព័ត៌មានពិតពីគ្រោះថ្នាក់នៃគ្រឿងញៀន គឺជួយសង្គ្រោះជីវិត» សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងសារលិខិតថា លោក លោកស្រី ក្មួយៗ ចៅៗ និងជនរួមជាតិទាំងអស់ រាជរដ្ឋាភិបាលកម្ពុជា នៅតែបាននិងកំពុងអនុវត្តម៉ឺងម៉ាត់ និងប្រើប្រាស់ឆន្ទៈយ៉ាងមោះមុតក្នុងការប្រយុទ្ធប្រឆាំង បង្ក្រាបសកម្មភាពផលិត រក្សាទុក និងជួញដូរគ្រឿងញៀន ដោយបានកំណត់ក្នុងកម្មវិធីនយោបាយរាជរដ្ឋាភិបាល និងបានដាក់ចេញជាផែនការហ្មត់ចត់ ក្ដៅគគុក ក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញា និងពិធីសាររបស់អង្គការសហប្រជាជាតិ។

ជាមួយនឹងការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននេះទៀតសោត សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្រាប់ឆ្នាំ២០២១នេះ បើទោះបីជាសាកលលោក ក៏ដូចជាប្រទេសជាតិយើង នៅតែបន្តទទួលរងឥទ្ធិពលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែសម្រេចបន្តរៀបចំរត់ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងកម្រិតថ្នាក់ជាតិក្រោមប្រធានបទ ” គ្មានគ្រឿងញៀន និងគ្មានជំងឺកូវី-១៩ សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍន៍ ” ក្នុងរូបភាពជាយុទ្ធនាការអប់រំតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញទំនាក់ទំនងសង្គម និងការរៀបចំដុតបំផ្លាញគ្រឿងញៀន ដែលចាប់បានក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននាពេលកន្លងមក។
ជាក់ស្ដែងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ចំនួន ១០៤៦១ករណី ត្រូវបានបង្ក្រាបក្នុងឆ្នាំ២០២០ គឺបង្ក្រាបបានច្រើនជាងឆ្នាំមុនប្រមាណ ៦,៧៩% ហើយជនសង្ស័យដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន មានចំនួន ២១ ៥៦៦នាក់ ត្រូវបានឃាត់ខ្លួន គឺច្រើនជាងឆ្នាំមុន និងចាប់យកគ្រឿងញៀនគ្រប់ប្រភេទបានជាង ៣៨៧៥គីឡូក្រាម ហើយថែមទាំងរៀបចំកម្មវិធីដុតបំផ្លាញចោលផងដែរ។ សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា នេះគឺជាការឆ្លើយតបទៅនឹងអ្វីដែលកម្ពុជាហាមដាច់ខាត ក្នុងការកែច្នៃ ផលិត រក្សាទុក ជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់ទាំងអស់។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងដោយទាញសម្បយោគសេចក្ដីថា ឆ្លើយតបទៅនឹងប្រធានបទប្រយុទ្ធប្រឆាំង នឹងគ្រឿងញៀនជាអន្តរជាតិខាងលើ មិនត្រឹមតែបង្ក្រាបគ្រឿងញៀននេះប៉ុណ្ណោះទេ យើងនៅបានបន្តយ៉ាងសកម្មក្នុងការជួយសង្គ្រោះ ជនរងគ្រោះដោយសារគ្រឿងញៀនទៀតផង ដោយផ្ដល់ការព្យាបាល និងស្ដារនីតិសម្បទាដល់ពួកគាត់ ទាំងនៅតាមសហគមន៍ និងនៅតាមមណ្ឌលបណ្ដោះអាសន្នបានចំនួន ១៩៥៩៧នាក់ រហូតធ្វើឲ្យពួកគេមួយចំនួនធំ ទទួលបានមកវិញនូវសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្តចំណេះដឹង និងជំនាញមួយចំនួន សម្រាប់ធ្វើជាមូលដ្ឋានក្នុងការប្រកបរបរចិញ្ចឹមជីវិត និងកសាងគ្រួសារមួយដ៏សមរម្យ នៅក្នុងសង្គមជាតិ។

មតិមហាជន និងប្រជាពលរដ្ឋភាគច្រើន បានសំណូមពរដល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ថា សូមសម្ដេចមេត្តារៀបចំកម្លាំងសមត្ថកិច្ចពិសេសមួយ ដើម្បីបង្ក្រាបជនក្លែងបន្លំធ្វើជាសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ហើយដើរ ចាប់បង្ខំ ចាប់ជម្រិត ធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ទៅវិញ , ជាក់ស្ដែងថ្មីៗនេះ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់ អ្នកសារព័ត៌មាន នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ ថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅចំណុច ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ដែលបន្លំជាមន្ត្រីនគរបាល លួចធ្វើសកម្មភាពចាប់ប្រជាពលរដ្ឋជំរិតយកប្រាក់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
បុរសជនសង្ស័យទាំង៤នាក់នោះ រួមមាន ឈ្មោះ ១- កេត វីរីយ៉ា អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ (មេខ្លោងផ្តើមគំនិត) , ២-ឈ្មោះ សយ តុលា អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ (អ្នកសមគំនិត) , ៣-ឈ្មោះ ផាន់ វីរ:ភក្តី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (អ្នកសមគំនិត) , និង៤-ឈ្មោះ សល់ ភារៈ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (អ្នកសមគំនិត)។
ឃើញថា នេះជាស្នាដៃដ៏ល្អមួយរបស់កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយមហាជន និងប្រជាពលរដ្ឋសំណូមពរសូមឱ្យសមត្ថកិច្ចល្អៗ មេត្តាបោសសម្អាតជនក្លែងបន្លំទាំងនេះឲ្យអស់ពីសង្គមជាតិ កុំឲ្យដើរធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ឱ្យរងទឹកភ្នែកតទៅទៀត៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN










