ភ្នំពេញ ៖ តុលាការពាណិជ្ជកម្មរបស់កម្ពុជា នឹងដំណើរការរៀបចំលេចចេញរូបរាងជាផ្លូវការ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។ ទន្ទឹមនឹងនេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ការបង្កើតតុលាការពាណិជ្ជកម្ម នៅមានបញ្ហាមួយចំនួន។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតតុលាការពាណិជ្ជកម្មនេះ នៅមានបញ្ហាមួយចំនួន ដែលភាគីពាក់ព័ន្ធកំពុងខិតខំដោះស្រាយ ដើម្បីឲ្យទាន់សភាពាការណ៍ ក្នុងនោះពាក់ព័ន្ធករណីចៅក្រម នៅមានកម្រិត ដែលត្រូវករបណ្តុះបណ្តាលបន្ថែមទៀត និងកង្វះច្បាប់នៃការកាត់ក្តីវិវាទពាណិជ្ជកម្ម ដូច្នេះត្រូវការជំរុញរៀបចំនូវនីតិវិធីតុលាការពាណិជ្ជកម្ម ដែលសហការដោយក្រសួងពាណិជ្ជកម្ម, ក្រសួងយុត្តិធម៌ និងសភាពាណិជ្ជកម្មកម្ពុជា។
តុលាការពាណិជ្ជកម្ម នឹងក្លាយជាស្ថាប័នដើរតួនាទីដ៏សំខាន់មួយ ក្នុងការដោះស្រាយបញ្ហាវិវាទរបស់ធុរជន និងផ្តល់ទំនុកចិត្តច្បាស់លាស់ត្រឹមត្រូវ ជូនដល់ពាណិជ្ជករ វិនិយោគិន អាជីវករជាតិ និងអន្តរជាតិ ក្នុងព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំពិភាក្សា លើការរៀបចំដំណើការតុលាការពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការៀបចំដំណើការតុលាការពាណិជ្ជកម្ម និងឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានធ្វើឡើងតាមប្រព័ន្ធវីដេអូអនឡាញ។

តាមរយៈការពិភាក្សាគ្នានេះ ឧកញ៉ា លឹម ហេង បានឲ្យដឹងថា បានផ្តោតទៅលើបញ្ហាទីតាំង ជាជំហ៊ានដំបូង ក្នុងការបង្កើតតុលាការពាណិជ្ជកម្មនេះ ដែលនឹងចាប់ផ្តើមនៅរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ និងខេត្តសៀម រាប មុនពេលពង្រីកទៅតាមបណ្តាខេត្តផ្សេងៗជាបន្តបន្ទាប់ទៀត។ អ្វីដែលជាការល្អប្រសើរសម្រាប់តុលាការពាណិជ្ជកម្ម គឺតម្រូវឲ្យមានសមាជិកអាជីវករចូលរួម ជាពិសេសសជិកសភាពាណិជ្ជកម្ម ធ្វើជាទីប្រឹក្សាតុលា ការនេះ ក្នុងការដោះស្រាយវិវាទកើតឡើង ដែលមានទំហំទឹកប្រាក់លើសពី ១០០លានរៀលឡើងទៅ។

គួរបញ្ជាក់ថា បើតាមឧកញ៉ា លឹម ហេង កិច្ចពិភាក្សាក្នុងការបង្កើតឱ្យមានតុលាការពាណិជ្ជកម្មនេះឡើង គឺ ភាគី ទាំងអស់ ប្តេជ្ញាតុលាការនេះ អនុវត្តឲ្យមានប្រសិទ្ធភាព តម្លាភាព យុត្តិធម៌ និងការកាត់ក្តីធ្វើម៉េចឲ្យបានឆាប់រហ័ស ដោយមានរយៈពេលកំណត់នីតិវិធី ពីសាលាដំបូង ដល់កំពូលតែម្តង ដើម្បីបញ្ចប់ក្តី។ នេះជារឿងល្អ ហើយគ្មានអំពើពុករលួយ»៕
រក្សាសិទ្ធិដោយ៖CEN




