ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនប្រមាណ ២៣ ម៉ឺននាក់ត្រូវបានផ្លាស់ទីលំនៅដោយការប្រយុទ្ធ និងអំពើហឹង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅឆ្នាំនេះហើយពួកគេកំពុងត្រូវការជំនួយ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា ប្រតិបត្តិការផ្តល់ជំនួយកំពុងបន្ត ប៉ុន្តែត្រូវបានរារាំងដោយការប៉ះទង្គិចប្រដាប់អាវុធអំពើហឹង្សា និងអសន្តិសុខនៅក្នុងប្រទេស។
របាយការណ៍នោះបាននិយាយថា ប្រជាជន ១៧៧ពាន់នាក់ត្រូវបានផ្លាស់ទីលំនៅ នៅក្នុងរដ្ឋការ៉ែនដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ហើយមានចំនួន ១០៣ពាន់ នាក់កាលពីខែមុន ខណៈដែលមនុស្សជាង ២ ម៉ឺននាក់កំពុងជ្រកកោននៅតំបន់ដែលបាត់ខ្លួនជាង ១០០នាក់ បន្ទាប់ពីការប្រយុទ្ធគ្នា រវាងកងកំលាំងការពារប្រជាជន និងកងទ័ពនៅរដ្ឋជីន ជាប់ព្រំដែនប្រទេសឥណ្ឌា។
មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នានៅភាគខាងជើងរដ្ឋជីន និងរដ្ឋ ហ្សែន ដែលជាតំបន់មានកងទ័ពជនជាតិភាគតិច ដែលបានបង្កើតឡើង ដោយមិនចុះសម្រុងនឹងគ្នាជាយូរមកហើយជាមួយយោធា។
សហភាពជាតិការ៉ែន (KNU) ដែលជាក្រុមជនជាតិភាគតិច ចំណាស់ជាងគេនៅប្រទេសមីយ៉ាន់ម៉ាបាន
សម្តែងការព្រួយបារម្ភ អំពីការបាត់បង់អាយុជីវិតស៊ីវិល ការកើនឡើងនូវអំពើហឹង្សា និងការប្រើប្រាស់កម្លាំងហួសប្រមាណ ពីសំណាក់យោធានៅទូទាំងប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា៖« KNU នឹងបន្តប្រយុទ្ធប្រឆាំង នឹងរបបផ្តាច់ការយោធានិងផ្តល់ការការពារ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដល់ប្រជាជននិងជនស៊ីវិលដែលគ្មានអាវុធ» ។បាតុកម្មប្រឆាំងនឹងរបបយោធា បានកើតឡើងនៅរដ្ឋកាជីន តំបន់ ដាហ្វៃ តំបន់សាំងហ្គាង និងរដ្ឋធានីពាណិជ្ជកម្មយ៉ាំងហ្គោន កាលពីថ្ងៃព្រហស្បតិ៍ដោយក្រុមបាតុករកាន់បដា និងធ្វើកាយវិការម្រាមដៃបីនៃការប្រឆាំង។
កិច្ចប្រឹងប្រែងការទូតពីសំណាក់បណ្តាប្រទេស នៅអាស៊ីអាគ្នេយ៍ដើម្បីបញ្ចប់វិបត្តិសេដ្ឋកិច្ច និងកិច្ចពិភាក្សាផ្តួចផ្តើមបានជាប់គាំង ហើយឧត្តមសេនីយ៍ ដែលកំពុងកាន់កាប់អំណាចបាននិយាយថា ពួកគេនឹងប្រកាន់ខ្ជាប់នូវផែនការស្តារសណ្តាប់ធ្នាប់ និងរៀបចំការបោះឆ្នោតក្នុងរយៈពេលពីរឆ្នាំទៀត៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

