ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ចេញពីកម្មវិធីខួបកំណើតមិត្តភក្តិ ត្រឡប់ទៅផ្ទះវិញ ត្រូវបានជនសង្ស័យមួយក្រុម មានគ្នា៤ នាក់ជិះម៉ូតូចំនួន២ គ្រឿងបានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ រួចប្លន់យកម៉ូតូមួយគ្រឿង និងទូរស័ព្ទដៃមួយគ្រឿង បានសម្រេចគេចខ្លួនដោយសុវត្ថិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ នៅក្បែរការ៉ាស់សាំង តូតាល់ តាមបណ្តោយផ្លូវ៣៧១ សឡា ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះជឹម បារមី ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរកីឡាតៃក្វាន់ដូជម្រើសជាតិ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគេ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស្គុបពី ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1HZ-1608 ចេញពីកម្មវិធីមិត្តភក្តិ នៅម្ដុំផ្សារបឹងបៃតងសែនសុខ គោលបំណងត្រឡប់ទៅផ្ទះ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ៣៧១ ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យចំនួន៤ នាក់ ជិះម៉ូតូឌ្រីមសង់ចំនួន២ គ្រឿងមិនចាំផ្លាកលេខ បានដកកាំភ្លើងខ្លីមិនចាំម៉ាកមួយដើម ភ្ជង់ទៅលើរូបគេឲ្យឈប់ ធ្វើឲ្យរូបគេភ័យស្លន់ស្លោ ជិះម៉ូតូរត់ទៅមុខបន្តិចបណ្តាលឲ្យដួល ខណៈនោះក៏មានជនសង្ស័យ២នាក់ទៀត ដែលជាបក្សពួក បានមកប្រាប់ថា ជួយលើកម៉ូតូ ហើយជួយលើករួចក៏នាំគ្នាជិះយកទៅបាត់តែម្ដង។
ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកម៉ូតូមកវិញ និងស្វែងរកជនសង្ស័យ ផ្តន្ទាទោសតាមនីតិវិធីផង៕ រក្សាសិទ្ធិដោយ៖សួង សាម