ភ្នំពេញ ៖ ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយ ដែលកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ គឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម និងក៏ដូចអ្នកសិល្បៈ នៅពេលដែលទទួលដំណឹងទុក្ខដ៏ក្រៀមក្រំថា ស្វាមីរបស់តារាសម្តែង ឈឹម អារីយ៉ា គឺលោក រស់ ឧស្សាហ៍ បានទទួលមរណភាពដោយសារកូវីដ១៩។

ប៉ុន្តែ អ្វីដែលមហាជនជាច្រើនពុំបានដឹងនោះ គឺការស្លាប់របស់ស្វាមីអ្នកនាង ឈឹម អារីយ៉ា គឺបានកើតឡើងដ៏កម្របន្ទាប់ម្តាយរបស់លោក បានស្លាប់មុននេះប៉ុន្មានថ្ងៃប៉ុណ្ណោះ ពោលគឺខណៈសពម្តាយកំពុងត្រូវបានធ្វើបុណ្យសព៧ថ្ងៃ ក៏ស្រាប់តែលោកក៏ត្រូវចូលពេទ្យសង្ក្រោះបន្ទាន់ទៀត និងជាអកុសលបានស្លាប់ជាបន្តគ្នាទាំងម្តាយនិងកូនប្រុស គួរឲ្យអាសូរជាខ្លាំង។
ម្តាយក្មេក និងស្វាមីរបស់អ្នកនាង ត្រូវបានគេដឹងថាទើបតែមានជំងឺឈឺធ្ងន់ ក្នុងរយៈពេលចុងក្រោយនេះប៉ុណ្ណោះ ហើយប្រសិនបើមិនមែនការបិទព្រំដែនទេ នោះនឹងត្រូវបញ្ជូនទៅព្យាបាលនៅក្រៅប្រទេសយូរហើយ ព្រោះថា ក្រុមគ្រួសារខាងម្តាយក្មេករបស់អ្នកនាង ក៏មានជីវភាពធូរធាផងដែរ។

ជាមួយនិងមរណភាពរបស់ស្វាមី អ្នកនាង ឈឹម អារីយ៉ា ក៏បានត្រឹមបង្ហោះសារពោលពាក្យបែបនេះថា៖ « រស់ ឧស្សាហ៍ ពេទ្យថា៣ថ្ងៃទៀតប្តីខ្ញុំបានទៅផ្ទះហើយ អូនប្រាប់បងកុំឲ្យគិតច្រើន បងអត់ស្តាប់អូនទេ បងចិត្តដាច់ណាស់ បងសុខចិត្តទៅនៅមួយម៉ាក់ហើយ ទុកអូននិងកូនចោល»។
គួរបញ្ជាក់ថា អ្នកនាង ឈឹ អារីយ៉ាង និងស្វាមីលោក រស់ ឧស្សាហ៍ ដែលត្រូវជាមន្រ្ដីនគរបាលពាក់ផ្កាយ២ មានមុខងារជាអគ្គនាយករងប្រចាំនាយកដ្ឋានមួយនៅក្រសួងមហាផ្ទៃ ទើបតែបានរៀបការជាមួយគ្នាកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ និងទទួលបានកូនប្រុសម្នាក់ ជាចំណងអាពាហ៍ពិពាហ៍ ប៉ុន្តែ នឹកស្មានថា អ្នកទាំងពីរបានរួមរស់ជុំគ្នាជាប្តីប្រពន្ធ ត្រឹមរយៈពេលដ៏ខ្លីបែបនេះសោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


























