បច្ចុប្បន្ននេះ មុខរបរលក់ដូរសាច់ឆ្កែ និង ហាងលក់ម្ហូបឆ្កែ ឬ ហៅថា (សាច់ពិសេស) គឺត្រូវបានគេសង្កេតឃើញ មានលក់ដូរនៅតាមដងផ្លូវស្ទើរព្រោងព្រាត នៅតាមតំបន់ជាយៗក្រុង ព្រោះថាសាច់សត្វនេះ ត្រូវបានមនុស្សមួយចំនួនធំគាំទ្រ និងចូលចិត្តបរិភោគជាខ្លាំង។

ដោយសារកត្តានេះហើយ ទើបធ្វើឲ្យជនឆ្លៀតឱកាសមួយចំនួន នៅតែបន្តជិះម៉ូតូដើរទាក់សត្វឆ្កែស្ទើរជារៀងរាល់យប់ មិនថានៅក្នុងទីក្រុង និងតាមជនបទស្រុកស្រែ ដើម្បីយកមកបោះឲ្យម៉ូយធំ ដែលគេស្គាល់យ៉ាងច្បាស់ គឺនៅម្តុំផ្សារដើមគរ។
ជាក់ស្តែង ដូចជាករណីនៅក្នុងវីដេអូនេះ គឺឃើញហើយពិតជាគួរឲ្យអាសូរខ្លាំងណាស់ ខណៈឃើញចោរ២នាក់ បានជិះម៉ូតូទាក់ឆ្កែដ៏ធំ១ក្បាល ប៉ុន្តែ មិនដឹងថាបានសម្រេចឬយ៉ាងណានោះទេ ខណៈពេលនោះ គេក៏បានឃើញម្ចាស់ឆ្កែបានរត់មកដេញតាមចោរ ដែលនៅតែព្យាយាមអូសឆ្កែ ដោយគ្មានខ្លាចញញើតសោះឡើយ។

យ៉ាងណាមិញ ហេតុការណ៍ទាក់ឆ្កែនេះផងដែរ ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ Kuon In បានសរសេរប្រាប់ឲ្យដឹងថា «មើលមុខអាចោរលួចទាក់ឆ្កែដុសធ្មេញ លើបងប្អូន វារកស៊ីនៅម្តុំទួលទំពូងញឹកញាប់ណាស់»។
ក្រោយពីបានឃើញសកម្មភាពដ៏សាហាវឃោរឃៅនេះហើយ មហាជនបានផ្ទុះកំហឹងខ្លាំងៗបែបនេះថា «គួរតែមានច្បាប់តឹងរ៉ឹងចំពោះអ្នកទាក់ឆ្កែ ចាប់បានចងវាអូសតាមផ្លូវដូចនៅវៀតណាម, ចាប់វាបានអូសវាតាមថ្នល់វិញម្ដង មិនដឹងមួយថ្ងៃៗវាសម្លាប់ជីវិតឆ្កែអស់ប៉ុន្មានក្បាលទេ ពួកអាឡានបុកអស់ហ្នឹង, ឃើញចឹង ខឹងដល់ពួកអ្នកលក់សាច់ឆ្កែ និងអ្នកស៊ីសាច់ឆ្កែដល់ហើយ ឥឡូវឃើញលក់តាមចិញ្ចើមថ្នល់ព្រោងព្រាតហ្មង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




