Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ថោង ខុន ប្រធាន NOCC អបអរសាទរលោកស្រី ស្រួង ភាវី ដណ្ដើម​បាន​ពាន Blue One Resort LPBA Championship នៅ​សា​ធារណ​រដ្ឋ​កូរ៉េ

CAMSOC-ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋ​មន្ដ្រី​ក្រ​សួង​ទេស​ចរណ៍ និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា-NOCC បាន​ចូល​រួម​អប​អរ​សា​ទរ​លោក​ស្រី ស្រួង ភាវី កី​ឡា​កា​រិនី​ស្នូក​ឃ័រ​ជម្រើស​ជាតិ​កម្ពុជា ដែល​លោក​ស្រី​ដណ្ដើម​បាន​ជើង​ឯក​ការ​ប្រ​កួត​កី​ឡា​ស្នូក​ឃ័រ​កា​រ៉ុម​អន្ដរ​ជាតិ Blue One Resort LPBA Championship (ផ្នែកនារី) កាល​ពី​ថ្មីៗ នៅ​សា​ធារណ​រដ្ឋ​កូរ៉េ ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានសម្ដែងនូវសេចក្ដី​សោ​​ម​នស្ស​រីក​រាយ​ក្រៃ​លេង ចំពោះ​លោក​ស្រី ស្រួង ភាវី ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង រហូត​ដណ្ដើម​បាន​ជោគ​ជ័យ​លើ​ឆាក​អន្ដរ​ជាតិ​ជាបន្ដបន្ទាប់ ជាក់​ស្ដែង​ពេល​នេះ លោក​ស្រី​បាន​ដណ្ដើម​ពាន​រង្វាន់​ដ៏​ធំ​កម្រិត​ពិ​ភព​លោក Blue One Resort LPBA Championship ដែល​ជា​ការ​នាំ​មក​នូវ​កិត្តិ​យស​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​ប្រ​ទេស​ជាតិ ហើយ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​កីឡាករ-កីឡាការិនី និង​យុវ​ជន​របស់​យើង ។

ឯកឧត្តមរដ្ឋមន្ដ្រី និងជាប្រធាន NOCC ដដែលសង្ឃឹមថា លោកស្រី ស្រួង ភាវី នឹងបន្ដការខិតខំហ្វឹកហាត់បន្ថែមទៀត ពិសេស​លើ​ប្រភេទ​វិញ្ញាសាស្នូកឃ័រ ដែលមានក្នុងការប្រកួតកីឡាស៊ីហ្គេម ដើម្បី​មាន​លទ្ធ​ភាព​ដណ្ដើមមេដាយជូនជាតិកាន់តែច្រើន ពិសេស​រួម​ដំ​ណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ព្រោះវិញ្ញាសាដែលលោកស្រី កំពុង​ប្រ​កប​អាជីពបច្ចុប្បន្ន គឺប្រភេទកីឡាស្នូកឃ័រការ៉ុម ឬស្នូកឃ័រអាជីពនេះ មិន​មានក្នុងការប្រកួតកីឡាស៊ីហ្គេមនោះទេ ។

ចំពោះកីឡាការិនី ស្រួង ភាវី បានបង្ហាញមោនទភាពជាខ្លាំង ក្រោយ​ដណ្ដើម​បានសមិទ្ធផលថ្មីជូនប្រទេសជាតិថា «ខ្ញុំបានប្រកួត​កីឡាស្នូក​ឃ័រ​ពានរង្វាន់ជើងឯកពិភពលោកដ៏ធំបំផុត​នៅក្នុងប្រទេសកូរ៉េ​ខាងត្បូង​។ ការប្រកួតដ៏លំបាក និងតឹងតែងនេះ ខ្ញុំខំហ្វឹកហាត់ទាំងយប់ ទាំងថ្ងៃ មិនសម្រាក ខំឡើងធ្លាក់ខ្លួនឈឺយ៉ាងណា ក៏នៅតែប្រឹង ដើម្បី​ជាតិ​កម្ពុជា​របស់ខ្ញុំ ។ ខ្ញុំស្រឡាញ់អ្នកណាស់ ដើម្បី​អ្នក​ព្រោះ​អ្នក​បាន​ផ្ដល់​កំណើត និងអត្តសញ្ញាណដល់ខ្ញុំ និងជនជាតិខ្ញុំ។ ថ្ងៃនេះ​ខ្ញុំបាន​ទទួល​ពាន​ជើង​ឯកពិភពលោកលេខ១បា នសម្រេចហើយ ក៏ព្រោះតែ​កិត្តិ​យស​កម្ពុជាលើឆាកអន្តរជាតិ ក្នុងសម័យកូវីដ-១៩ ក៏ដោយ…» ។

សូមបញ្ជាក់ថា ការប្រកួតកីឡាស្នូកឃ័រការ៉ុមដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship បានចាប់ផ្ដើមការប្រកួតពីថ្ងៃទី១៤-២១ ខែមិថុនា ឆ្នាំ២០២១ នៅសាធារណរដ្ឋកូរ៉េ ដោយមានកីឡាការិនីជើងខ្លាំងជុំវិញពិភពលោកចូលរួមសរុប ៦៤នាក់ ។ ក្នុងនោះលោកស្រី ស្រួង ភាវី បានយកឈ្នះគូប្រកួតជាបន្ដបន្ទាប់ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ជួបកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ហើយបានវាយបកយកឈ្នះក្នុងលទ្ធផល ៣-១សិត (១១-៤, ១១-៤, ១១-១០ និង ១១-៩ពិន្ទុ) ដើម្បីគ្រងជើងឯកពានរង្វាន់កម្រិតពិភពលោកនេះតែម្ដង ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×