ភ្នំពេញ ៖ ករណីចោរចូលលួចដោះកញ្ចក់រថយន្ត ឬរបស់របរទ្រព្យសម្បត្តិផ្សេងៗទៀត ជាពិសេសនៅក្នុងបុរី គឺតែងតែកើតមានឡើងជារឿយៗ ប៉ុន្តែ គេកម្រដែលឃើញសមត្ថកិច្ច ឬសន្តិសុខយាមបុរី ចាប់ចោរបានម្តងណានោះឡើយ។

ជាក់ស្តែង ដូចជាករណីនេះជាដើម យោងតាមវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញចោរ២នាក់ ស្ថិតក្នុងសម្លៀកបំពាក់អាវសខោស បានជិះម៉ូតូម្នាក់១គ្រឿង ចូលមកលួចដោះកញ្ចក់រថយន្ត១គ្រឿង យកទៅបាត់ដោយសុវត្ថិភាព ដោយមិនរំខានដល់សន្តិសុខយាមនៅខ្លោងទ្វារបុរី ដែលប្រហែលជាគេដាក់ឲ្យតែមានៗប៉ុណ្ណោះនោះទេ។
ករណីនេះផងដែរ បើតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Marry Heng បានបង្ហោះវីដេអូពីសកម្មភាព ចោរដោះកញ្ចក់រថយន្ត នៅវេលាម៉ោងជាង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ និងបញ្ជាក់ឲ្យដឹងពីទីតាំងកើតហេតុ គឺស្ថិតនៅផ្ទះលេខ១៤៦ ផ្លូវលេខ១៣ ក្នុងបុរីចំការដូង។

ទន្ទឹមនោះផងដែរ គេក៏បានឃើញជនរងគ្រោះមួយចំនួន ដែលធ្លាប់ជួបបទពិសោធន៍ ត្រូវចោរលួចដោះកញ្ចក់រថយន្ត ក៏បានបង្ហាញឲ្យឃើញវីដេអូដូចគ្នានេះផងដែរ និងបានបញ្ជាក់ថា ចោរទាំងនេះ គឺជាមុខសញ្ញាដដែលៗ។
ជុំវិញករណីនេះ បងប្អូនប្រជាពលរដ្ឋ បានសម្តែងការហួសចិត្ត និងក៏ដូចមានការព្រួយបារម្ភថា៖ «សាហាវណាស់ នៅក្នុងបុរី ក៏វាហ៊ានធ្វើសកម្មភាពដែរ អសន្តិសុខណាស់ បង់លុយរាល់ខែ តែប្រហែសបាត់ហើយ, សង្ឃឹមថាមកទិញផ្ទះរស់នៅក្នុងបុរីមានសន្តិសុខ មានសុវត្ថិភាព ដល់ពេលឃើញចឹងចប់ម៉ង, បុរីតែឈ្មោះ គ្មានសន្តិសុខ បង់សេវាពេញថ្លៃ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




