ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានពិភាក្សាការងារតាមប្រព័ន្ធVideo Conference ជាមួយឯកឧត្តម KISHI Nobuo រដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន ។

ភាគីទាំងពីរបានចាត់ទុកថា កិច្ចពិភាក្សានាថ្ងៃនេះពិតជាមានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-ជប៉ុន សំដៅលើកកម្ពស់សមត្ថភាពវិស័យការពារជាតិ សន្តិសុខ នយោបាយ រួមទាំងផ្នែកមនុស្សធម៌តាម រយៈបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសមត្ថភាព ពុទ្ធិ រួមចំណែកកសាងចំណង មិត្តភាពកងទ័ពប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងវិបុលភាព។
ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន បើទោះបី ប្រទេសកំពុងជួបគ្រោះមហន្តរាយធម្មជាតិ និងជំងឺផ្សេងៗបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែប្រទេសទាំងពីរ បានជម្នះឧបសគ្គអនុវត្តការងារចាំបាច់មួយចំនួនដែលអាចធ្វើទៅបានដូចជា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អនុរដ្ឋមន្ត្រី នីហ្សីដា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដំណើរទស្សនកិច្ចរបស់នាយឧត្តមសេនីយ៍ YUASA Goro មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុននៅកម្ពុជា កាលពីថ្ងៃទី២៧-៣០ ខែកុម្ភៈ ឆ្នាំ២០២០ ការលើកកម្ពស់វិស័យរក្សាសន្តិភាពការចូល រួមក្នុងវេទិកានានាបានឆ្លុះបញ្ចាំងពីចំណង មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ ស៊ីជម្រៅ និងពេញលេញប្រសើរជាងមុន។

មួយវិញទៀត កិច្ចសហការរួមគ្នានេះ បានលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រ ដែលជាវឌ្ឍនភាព និងកត្តាគន្លឹះសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធសម្រាប់បម្រើឲ្យកិច្ចការទ្វេភាគី តំបន់ និងពិភពលោក ដែលជាមូល ដ្ឋានគ្រឹះមិត្តភាពដ៏រឹងមាំគ្រប់កាលៈទេសៈ ភាពរីកចម្រើន ផលប្រយោជន៍ និងវិបុលភាពទៅវិញទៅមកសម្រាប់កងទ័ព និងប្រជាជនប្រទេសទាំងពីរកម្ពុជា-ជប៉ុន។
ភាគីទាំងពីរ បានប្តេជ្ញាចិត្តបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការពារជាតិឲ្យកាន់តែប្រសើរឡើងថែមទៀតរួម មាន ជំនួយសម្រាប់កសាងសមត្ថភាព ការផ្លាស់ប្តូរផ្នែកអប់រំ ទស្សនកិច្ចថ្នាក់ដឹកនាំ និងការផ្លាស់ប្តូរទស្សនកិច្ចតាមអនុស្សរណៈ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣ ។ ជាមួយគ្នានេះ ភាគីជប៉ុនបានសន្យាជំរុញពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកកម្ពុជា និងកងស្វ័យការ ពារជើងគោកជប៉ុន ក្នុងលក្ខណៈនៃការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម បណ្តុះបណ្តាលធនធានមនុស្សវិស័យរក្សាសន្តិភាពការ គ្រប់គ្រងគ្រោះមហន្តរាយ និងការងារវិស្វកម្ម។

ឯកឧត្តម KISHI Nobuo សម្តែងអំណរគុណចំពោះកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់ឯកឧត្តម អនុរដ្ឋមន្ត្រី នីហ្សីដា និងនាយឧត្តមសេនីយ៍ YUASA Goro មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុននៅ កម្ពុជា និងការជួបសន្ទនាតាមទូរស័ព្ទ រវាងមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ប្រកបដោយជោគជ័យបាននាំមកនូវការផ្លាស់ប្តូរទំនាក់ទំនងមន្រ្តីយោធាជាន់ខ្ពស់ រវាងប្រទេសទាំងពីរ។ ឯកឧត្តម មានការសោកស្ដាយយ៉ាងខ្លាំង ដែលដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុនត្រូវបានលើកពេលដោយ សារការរីករាលដាលជំងឺកូវីដ-១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ជូនឯកឧត្តម KISHI Nobuo ឆ្នាំ២០២១ នេះ គឺជាខួប១៥ឆ្នាំ ដែលកម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជា ជាតិ នៅតំបន់អាហ្វ្រិក មជ្ឈឹមបូព៌ា និងអឺរ៉ុប ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក។ កម្ពុជា ប្តេជ្ញាចិត្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្រ្តីឲ្យកើនជាងមុន រួមចំណែកលើកកម្ពស់តួនាទីស្ត្រី កសាង និងថែរក្សាសន្តិភាព “សមភាពយេនឌ័រ” ស្របតាមប្រធានបទស្តីពី “បទពិសោធន៍ និងគំនិតផ្តួចផ្តើមរបស់សមាជិករដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក្នុងការបញ្ជូនកងទ័ពជាស្ត្រី ទៅបំពេញប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ”។

សម្តេចពិជ័យសេនា ទៀ បាញ់ សង្កត់ធ្ងន់ថា ចំពោះមុខការទប់ស្កាត់ការឆ្លងរីករាល ដាល និងការគ្រប់គ្រងផលប៉ះពាល់ បណ្តាលមកពីជំងឺកូវីដ-១៩ គឺជាកិច្ចការចាំបាច់បំផុតដែលកងទ័ពត្រូវចូលរួមតាំងពីដំបូង នៃដំណើរការស្តារសេដ្ឋកិច្ចឲ្យងើប ឡើងវិញប្រកបដោយប្រសិទ្ធភាព។ ដូចនេះ ទាមទារឲ្យកងទ័ពពង្រឹងសមត្ថភាព មានភាពធន់នឹងកិច្ចការពារជាតិ សន្តិសុខប្រពៃណី និងមិនប្រពៃណី ភាពគ្រោះ អាសន្ន និងការប្រែប្រួលអាកាសធាតុ និងរួមគ្នាផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ ព័ត៌មានទៅវិញទៅមក ដោយឈរលើស្មារតីសាមគ្គីភាពជឿទុកចិត្ត គិតគូរ និងអនុវត្តរួមគ្នាមានភាពម៉ត់ចត់ ក្រោមយន្តការពហុភាគីនិយមគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ។
នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ- ១៩ កម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការ អន្តរជាតិជាការងារអាទិភាពរបស់កងទ័ព ដែលត្រូវពង្រឹងពង្រីកជាមួយដៃគូសន្តិសុខនៅក្នុងតំបន់អន្តរជាតិ តាមយន្តការទ្វេភាគី និងពហុភាគីជំរុញកសាងទំនុកចិត្ត យោគ យល់គ្នាទៅវិញទៅមក ឆ្លើយតបទៅនឹងគ្រោះមហន្តរាយសកម្មភាពមនុស្សធម៌តាមទស្សនៈ “ការបំពេញការងារ និងរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី”។

សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើឯកឧត្តម KISHI Nobuo ជួយពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ដល់សិក្ខាកាម កម្ពុជាទៅសិក្សានៅប្រទេសជប៉ុន និងបន្តផ្តល់ជំនួយសម្ភារៈ មធ្យោបាយ រួមទាំងផ្នែកសន្តិសុខលម្ហសមុទ្រ និងជំរុញកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យដូចជាការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំការពារប្រទេស ចូលចតនាវា ចែករំលែកព័ត៌មាន បទពិសោធន៍នានា ផ្តល់ជំនួយឧបករណ៍ សម្ភារៈ បម្រើឲ្យវិស័យរក្សាសន្តិភាព និងគ្រោះមហន្តរាយ ។ល។ ក្រោយអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្រាល។
នៅក្នុងកិច្ចប្រជុំពិភាក្សានេះ ឯកឧត្តម រដ្ឋមន្រ្តី KISHI Nobuo បានលើកឡើងពីចក្ខុវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងបានសម្តែងការព្រួយបារម្ភចំពោះបញ្ហាដែលកើតឡើងនៅសមុទ្រចិនខាងកើត សមុទ្រចិនខាងត្បូង សភាពការណ៍នៅប្រទេសមីយ៉ាន់ម៉ា និងឧបទ្វីបកូរ៉េ។
ជាការឆ្លើយតប សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ជូនថា ការកសាងសហគមន៍អាស៊ាន ក្រោមទស្សនៈ “តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ” ពិតជាមានសារៈសំខាន់ក្នុងការរួបរួមគ្នាកសាងតំបន់មួយ មានលក្ខណៈសេរី និងបើកចំហតាមរយៈការលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម និងគោរពច្បាប់ ដើម្បីធានារួមឱ្យបាននូវកិច្ចការសន្តិសុខ សន្តិភាព និងវិបុលភាពតំបន់ ជៀសវាងការជ្រៀតជ្រែក ឬការបម្រើនយោបាយរបស់ប្រទេសណាមួយ ដែលមិនស្របតាមបំណង និងមិនបម្រើផលប្រយោជន៍ជូនប្រជាជនតំបន់ សហគមន៍ទាំងមូល។

ក្នុងនាមសមាជិករដ្ឋមន្ត្រីការពារជាតិអាស៊ាន កម្ពុជានៅតែបន្តរក្សាបំណងប្រាថ្នារួម និងមានឆន្ទៈចង់ឃើញប្រជាជនក្នុងតំបន់អាចរស់នៅដោយសេរីភាព តម្លាភាព បរិយាប័ន្ន សុខដុមរមនា និងសមត្ថភាពក្នុងការប្រកួតប្រជែង។ កម្ពុជា សូមលើកទឹក ចិត្តចំពោះភាគីពាក់ព័ន្ធដោះស្រាយបញ្ហាក្នុងតំបន់ដោយគោរព និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិការមិនជ្រៀត ជ្រែកការគោរពបែបផែននៃការរស់នៅ វប្បធម៌ ប្រពៃណី និងប្រវត្តិសាស្រ្ត ដែលជាគុណតម្លៃរបស់ប្រទេសនីមួយៗក្នុងគោល ដៅពង្រឹងតម្លៃនៃសន្តិភាព សេចក្តីថ្លៃថ្នូរ និងសាមគ្គីភាព។ កម្ពុជា សូមគាំទ្រយន្តការទាំង៥របស់អាស៊ាន និងសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម“តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ” ដែលមានលក្ខណៈសេរី បើកចំហរ បរិយាប័ន្ន និងតម្លាភាព៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




