ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ពីការស្រាវជ្រាវរកឃើញអាល់កុលគុណភាពខ្ពស់ ៩៧% (Alcohol 97%) មានគុណភាពមិនត្រឹមត្រូវ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថាៈ ក្រសួងសុខាភិបាលបានត្រួតពិនិត្យគុណភាពផលិតផលសម្លាប់មេរោគមានឈ្មោះ អាល់កុលគុណភាពខ្ពស់ ៩៧% (Alcohol 97%) ប៊ីដុងចំណុះ៣០លីត្រ គ្មានលេខទិដ្ឋាការ ឬបញ្ជិកា ដែលកម្លាំងសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាប ទីតាំងស្តុកទុក និងចែកចាយមួយកន្លែង ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ដោយពិនិត្យឃើញថា ផលិតផលអាល់កុលនេះមានគុណភាពមិនត្រឹមត្រូវ ដោយមានលាយសារធាតុមេតាណុលរហូតដល់ ៩៦,១%។
សូមរំលឹកថា កន្លងមក ក្រសួងសុខាភិបាល បានដកហូត និងទិញអាល់កុល ដែលអាល់កុល និងផលិតផល សម្លាប់មេរោគមួយចំនួន ដែលលក់តាមបណ្ដាញសង្គមហ្វេសប៊ុក អនឡាញ ឬទីផ្សារមកពិនិត្យគុណភាពឃើញថា អាល់កុល ដែលអាល់កុល និងផលិតផលសម្លាប់មេរោគទាំងនោះ ភាគច្រើនជាផលិតផលក្លែងបន្លំ ដែលមានគុណភាព មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ក្នុងការសម្លាប់មេរោគឡើយ ដោយផលិតផលទាំងនោះ មានលាយជាមួយ មេតាណុលកម្រិតខ្ពល់ ឬផ្ទុកសារធាតុមេតាណុលសុទ្ធតែម្តង។ ផលិតផលអាល់កុល ដែលប្រើប្រាស់សម្រាប់សម្លាប់ មេរោគជាប្រភេទអេតាណុល(៦០% -៨០%) ប៉ុន្តែសារធាតុមេតាណុលមិនត្រូវបានណែនាំឱ្យប្រើប្រាស់ក្នុងការ សម្លាប់មេរោគឡើយ ហើយផលិតផលនេះ អាចប៉ះពាល់ដល់សុខភាព ឬបង្កគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវ ឱ្យរាល់ការចរាចរអាល់កុល ដែលអាល់កុល និងសារធាតុសម្លាប់មេរោគ ដែលប្រើប្រាស់សម្រាប់វិស័យសុខាភិបាល ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល។
ដើម្បីធានាដល់សុវត្ថិភាពរបស់សាធារណជន ក្រសួងសុខាភិបាល សូមជម្រាបជូនដល់លោក លោកស្រីម្ចាស់ ឱសថស្ថាន ឱសថស្ថានរង និងបុគ្គលពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការលក់ផលិតផលនេះជាបន្ទាន់។ ចំពោះបងប្អូន ប្រជាពលរដ្ឋ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលក្លែងបន្លំខាងលើនេះជាបន្តទៀត ព្រោះផលិតផលនេះមិនអាច សម្លាប់មេរោគបានឡើយ បើមិនដូច្នោះទេវាអាចបណ្តាលឱ្យប៉ះពាល់ ដល់សុខភាពធ្ងន់ធ្ងរ ឬឈានដល់ការបាត់បង់ អាយុជីវិតទៀតផង ហើយត្រូវទិញតែផលិតផលដែលមានលេខទិដ្ឋាការ ឬបញ្ជិកា ឬប្រវេទន៍ពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀត ដើម្បីស្រាវជ្រាវរកជនខិលខូច ដែលកំពុងបន្តចែកចាយ ឬលក់ផលិតផលឈ្មោះ អាល់កុលគុណភាពខ្ពស់ ៩៧% (Alcohol 97%) ខាងលើ ឬលក់ ផលិតផល សម្លាប់មេរោគដទៃទៀតដែលគ្មានលេខទិដ្ឋាការ ឬបញ្ជិការ ឬប្រវេទន៍ មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង គ្រឿងសំអាង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

