ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានប្រជាពលរដ្ឋ ដឹកតាមរ៉ឺម៉កកង់បី យកទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យឯកជន ខណៈដែលរូបគេ ជិះម៉ូតូលឿន ជ្រុលទៅបុករថយន្តដែលបើកឆ្លងផ្លូវ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩និង៥០នាទីថ្ងៃព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកLEXLUS RX330 ពណ៌ស ពាក់ផ្លាកលេខ2AF -3869 បើកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងដៃឆ្លងផ្លូវចូលការ៉ាស់ចាក់សាំង ស្របពេលនោះ ក៏មានជនជាតិចិនម្នាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1CT-9475 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមបញ្រ្ចាសទិសគ្នា ក្នុងល្បឿនលឿនចាប់ហ្រ្វាំងមិនទាន់ ជ្រុលទៅបុករថយន្ដចំពីមុខ បណ្ដាលឱ្យជនជាតិចិនរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋ បានហៅរ៉ឺម៉កកង់បី ដឹកជនរងគ្រោះទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជនភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ប៉ុស្តិ៍ទន្លេបាសាក់ បានចុះទៅធ្វើការវាស់វែង យករថយន្តនិងម៉ូតូ មករក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន រង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖មីដា


