ភ្នំពេញ ៖ ជនជាតិចិនមួយក្រុម បើករថយន្តឡិចស៊ីស បុកជាមួយម៉ូតូកង់បី បណ្តាលឲ្យក្រឡាប់រងការខូចខាតទាំងសងខាង ចំណែកអ្នកបើកបរម៉ូតូកង់បី រងរបួសរយះចិញ្ចើម។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HE 1655 ពីទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តឡិចស៊ីសជនជាតិចិនមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AQ 8068 បើកបរបញ្រ្ចាសទិសដៅគ្នា ហើយរថយន្តក៏បានបត់ឆ្វេង បុកជាមួយនឹងម៉ូតូកង់បី បណ្តាលឲ្យក្រឡាប់តែម្តង ហើយអ្នកបើកម៉ូតូកង់បី បានទារសំណងពីជនជាតិចិន ដែលជាម្ចាស់រថយន្តឡិចស៊ីសចំនួន១០០០០ដុល្លារអាមេរិក តែខាងភាគីរថយន្តមិនសង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ បានចុះមកវាស់វែង និងស្ទូចយករថយន្ត និងម៉ូតូកង់បី ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយគ្នា នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖សួង សាម








