Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាលឿងមាស ប្រភេទសត្វកម្រ នៅលើពិភពលោក មានវត្តមានក្នុងតំបន់ការពារធម្មជាតិ ឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគិរី

ខេត្តរតនគិរី ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមទិន្នន័យរូបភាពដែលមន្ត្រីជំនាញប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិពីឧទ្យានជាតិវីរៈជ័យក្នុងខេត្តរតនគិរី មានវត្តមានសត្វខ្លាលឿងមាសដែលជាប្រភេទសត្វខ្លាកម្រ នៅលើពិភពលោក។ ខ្លាលឿងមាស Asiatic golden cat (Catopuma temminckii) ជាប្រភេទមំសាសត្វមាឌតូចស្ថិតក្នុងត្រកូលខ្លាទាំង ៨ ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ ខ្លាលឿងមាស ត្រូវបានចាត់ថ្នាក់ជាប្រភេទជិតទទួលរងគ្រោះ (NT) នៅក្នុងបញ្ជីក្រហម IUCN និងចុះក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាCITES។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ថា យោងតាមទិន្នន័យរូបភាព និងលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ឧទ្យានជាតិវីរៈជ័យដែលជាឧទ្យានបេតិកភណ្ឌធម្មជាតិ អាស៊ានជាតំបន់ដែលសម្បូណ៌ជីវៈចម្រុះ ក្នុងនោះប្រភេទសត្វព្រៃជាច្រើន ដែលជាប្រភេទសត្វកម្រត្រូវបាន រកថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលក្រុមការងារស្រាវជ្រាវ នៃនាយកដ្ឋានអភិរក្សធម្មជាតិដីគោកខាងកើតទន្លេមេគង្គ នៃក្រសួងបរិស្ថានបានដាក់រយៈពេល ៣ ខែពីខែមីនាដល់ខែឧសភា ឆ្នាំ២០២១។

បើតាមលោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវ នៃនាយកដ្ឋានអភិរក្សធម្មជាតិដីគោកខាងកើតទន្លេមេគង្គ ខ្លាលឿងមាសមានទម្ងន់ប្រមាណ ៩-១៦ គីឡូក្រាម ហើយភាគច្រើនស៊ីពពួកសត្វដង្កេរ (ដូចជាកំប្រុក កណ្តុរ កង្ហិច កង្ហែន) សត្វស្លាប ល្មូន ក្តាន់ញ៉ែង ពពួកពានរ ហើយជួនកាលសត្វឈ្លូសជាចំណី។ ខ្លាលឿងមាសភាគច្រើន រស់នៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះចម្រុះនៅក្នុងតំបន់ការពារធម្មជាតិមួយចំនួន នៅភូមិភាគឦសាន ភូមិភាគខាងជើង និងភូមិភាគនិរតី នៃប្រទេសកម្ពុជា។ មិនមានការសិក្សាស្រាវជ្រាវច្រើនទេ ពីប្រភេទសត្វនេះ។ លោក ពិន ច័ន្ទរតនា បានឱ្យដឹងថាតាមការសិក្សាស្រាវជ្រាវ សត្វត្រកូលខ្លាទាំង ៨ប្រភេទ ដែលធ្លាប់មានវត្តមាន និងកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាមានខ្លាធំ ឬខ្លាដំបង (Tiger) ខ្លារខិន (Leopard) ខ្លាពពក (Clouded leopard) ខ្លាត្រី (Fishing cat) ខ្លាលឿងមាស (Asiatic golden cat) ខ្លាភ្ញីថ្មកែវ (Marbled cat) ឆ្មាព្រៃ (Jungle cat) និងឆ្មាដាវ (Leopard cat)។

ទាក់ទងនឹងកិច្ចការស្រាវជ្រាវប្រភេទសត្វព្រៃក្នុងតំបន់ការពារធម្មជាតិនេះ ត្រូវបានរដ្ឋលេខាធិការក្រសួងបរិស្ថាន ឱ្យដឹងថា វត្តមានខ្លាលឿងមាសត្រូវបានកត់ត្រាតិចតួចបំផុត ព្រោះជាប្រភេទសត្វកម្រក្នុង ចំណោមត្រកូលសត្វខ្លាទាំង ៨ ប្រភេទ។ គេធ្លាប់ឃើញវត្តមានសត្វខ្លាលឿងមាសនៅក្នុង ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច និងក្នុងតំបន់ជួរភ្នំក្រវ៉ាញ ហើយចុងក្រោយនេះ គឺសត្វខ្លាលឿងមាសដែលជាប្រភេទសត្វកម្រ បានរកឃើញនៅឧទ្យានជាតិវីរៈជ័យ ដែលបង្ហាញថាសត្វខ្លាលឿងមាសបន្ត មានវត្តមាននៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ការសិក្សាស្រាវជ្រាវ ពីដើម្បីប្រមូលយកនូវទិន្នន័យសំខាន់ៗអំពីវត្តមានសត្វព្រៃ និងដើម្បីរៀបចំការបែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា តំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិមាន ៤តំបន់ គឺតំបន់ស្នូល តំបន់អភិរក្ស តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍ ហើយការកំណត់បែងចែកតំបន់គ្រប់គ្រងក្នុងតំបន់ការពារធម្មជាតិ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលបំណងកំណត់ ឱ្យបានច្បាស់លាស់អំពីក្របខ័ណ្ឌគតិយុត្ត ការងារគ្រប់គ្រង បច្ចេកទេស និងផ្អែកលើបទពិសោធន៍ និងការអនុវត្តល្អៗពីបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក។ ទាំងនេះសំដៅធានាឱ្យបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលគ្រប់គ្រង និងអភិរក្សប្រព័ន្ធតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ បង្កើនកម្រិតជីវភាព របស់សហគមន៍មូលដ្ឋាន កាត់បន្ថយការពឹងផ្អែកអាស្រ័យលើផលព្រៃឈើ និងធានាបាននូវតុល្យភាពរវាងការបំភាយ និងការស្រូបឧស្ម័នផ្ទះកញ្ចក់ពីវិស័យព្រៃឈើ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×