ភ្នំពេញ ÷ បុរសម្នាក់បានបាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តធុនធំ បើកទៅបុកបណ្តាលឲ្យដួលបោកក្បាល នៅនឹងថ្នាល់ស្លាប់ភ្លាមៗ។ ចំណែកឯរថយន្ត បង្កព្យាយាមបើករត់ ទៅដល់ម្តុំអង់ស្នួល ត្រូវសមត្ថកិច្ចឃាត់បានវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង៥៥ នាទីយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចជាប់លក់សាច់ក្រក ក្នុងភូមិតត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សៅយ៉ាង ភេទប្រុសអាយុ ២៨ ឆ្នាំមុខរបរ លក់រថយន្ត បច្ចុប្បន្នស្នាក់នៅខណ្ឌព្រែកព្នៅ មានស្រុកកំណើត នៅភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ដំបូងឡើយ គាត់បានឃើញបុរសម្នាក់ជិះម៉ូតូ ម៉ាកហុងដាទ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៨ មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1-IR 11 37 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រ មួយគ្រឿងទៀត ក្បាលពណ៌សពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 3.4036 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរបញ្រ្ចាសគ្នា ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនបានជ្រុលចង្កូត ទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យម៉ូតូដួលខ្ទាតទៅចិញ្ចើមផ្លូវ បណ្តាលឲ្យបុរសម្នាក់ បោកក្បាលនៅនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកឯរថយន្តបង្កព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចតាមឃាត់បាន តែរថយន្តចំណែកតៃកុង បើកទ្វាររត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនិងផ្នែកជំនាញចរាចរណ៍ខណ្ឌកំបូល ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយកម៉ូតូ និងរថយន្តកុងតឺន័រ បង្កទៅរក្សាទុកនៅផ្នែកចរាចរណ៍ក្រុង នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ បន្ទាប់មកធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖សា មេត
