Sunday, July 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ រយៈពេល ៤២ឆ្នាំកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសសម្រេចបានសមិទ្ធផល ដ៏ធំធេងក្នុងបុព្វហេតុ នៃការការពារការរស់ឡើងវិញរបស់ប្រជាជន

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនានេះបានចេញសារលិខិតក្នុងឱកាសទិវារំឮកខួបលើកទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសារលិខិតថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ជាថ្ងៃគម្រប់ខួបទី៧០ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តខ្មែរ ដោយមានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមននិយម ដើម្បីឯករាជ្យជាតិ។

ក្នុងនាមជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើ ពលិកម្មឥតរួញរា ដើម្បីប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

គណបក្សបានដឹកនាំប្រជាជន ធ្វើការតស៊ូប្រយុទ្ធយ៉ាងអង់អាចដើម្បីរំដោះប្រទេសជាតិត ការឈ្លានពានត្រួតត្រារបស់ពួកបរទេស និងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិឱ្យមានជីវិតរស់ឡើងវិញទាន់ពេលវេលា ដែលបានបញ្ចប់ទាំងស្រុងសម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងទំព័រប្រវត្តិសាស្ត្រថ្មី នៃការកសាងទឹកដីឡើងវិញ របស់ប្រជាជនយើងលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន បន្តថា រយៈពេល ៤២ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានទទួលជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសសម្រេចបានសមិទ្ធផល ដ៏ធំធេងក្នុងបុព្វហេតុនៃការការពារការរស់ឡើងវិញរបស់ប្រជាជន រាំងស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍, ការស្តារ និងកសាងប្រទេសឡើងវិញ ពីចំណុចសូន្យ និងពីបាតដៃទទេ ឱ្យមានស្ថិរភាពជាជំហានៗ បង្កើតបានបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការបង្រួបបង្រួមជាតិ, ការបង្កើតរដ្ឋធម្មនុញ្ញថ្មី និងព្រះរាជាណាចក្រកម្ពុជាទីពីរនាឆ្នាំ១៩៩៣, ការបង្កើតសន្តិភាពពេញលេញជូនជាតិ ចាប់ពីចុងឆ្នាំ១៩៩៨ មក តាមរយៈនយោបាយឈ្នះ ឈ្នះ, ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចធ្វើឱ្យប្រជាជនមានជីវភាពកាន់តែប្រសើរឡើង ហើយកំពុងរួមរស់ជាមួយគ្នាយ៉ាងសុខដុមរមនា។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងគ្រប់ការបោះឆ្នោតកន្លងមកតាមគោលការណ៍លទ្ធិ ប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ គឺជាសាក្ខីភាពបញ្ជាក់ច្បាស់ថា ប្រជាជនមានជំនឿទុកចិត្តយ៉ាងមុតមាំលើគណបក្ស ក្នុងការដឹកនាំប្រទេសតាមមាគ៌ាមួយដ៏ត្រឹមត្រូវដែលនាំ មកសន្តិភាព ស្ថិរភាព ការរីកចម្រើន និងសុភមង្គលរបស់ប្រជាជន។ ក្នុងនាមគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនជនរួមជាតិនៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានឃើញច្បាស់សច្ចធម៌នៃការដឹកនាំរបស់គណបក្ស ហើយផ្តល់ យុត្តិធម៌ និងការគាំទ្រឥតរង្គោះរង្គើរ ដល់គណបក្សនៅគ្រប់កាលៈទេសៈ ធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់ គ្រាន់ក្នុងការបម្រើជាតិ និងប្រជាជន។ ឆ្លើយតបទៅនឹងការជឿទុកចិត្តនេះ គណបក្សនឹងបន្តពុះពារធ្វើអ្វីៗ គ្រប់យ៉ាងដើម្បីការពារឯករាជ្យ និងអធិបតេយ្យជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យចាក់ឫសយ៉ាងរឹងមាំ លើកកម្ពស់សុខដុមនីយកម្មសង្គម និងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនឱ្យបានកាន់តែសម្បូរសប្បាយឡើង ។

បងប្អូនជនរួមជាតិ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាទីគោរពស្នេហា! ទោះបីនៅពេលនេះពុំមានការជួបជុំធំដើម្បីរំឭកខួបលើក ទី៧០ នៃថ្ងៃកំណើតបក្សប្រជាជនកម្ពុជា ដោយសារតែប្រទេសកំពុងប្រឈមនឹងការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ក្តី ក៏ស្មារតីចងចាំ គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់បុព្វការីជន យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ នៅតែស្ថិតក្នុងដួង ចិត្តរបស់យើងជានិច្ច។ យើងជាខ្មែរទាំងអស់គ្នាប្តេជ្ញាប្រែក្លាយស្មារតីនេះឱ្យទៅជាសកម្មភាពដ៏ខ្លាំងក្លា ស្រុះដៃ គា្នដោយឆន្ទៈតែមួយ ដើម្បីបន្តកសាង និងការពារមាតុភូមិយើង ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។

សម្តេចបានបញ្ជាក់ថា “នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល របស់ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យបានម៉ត់ចត់ អំពីវិធានការនានា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ-១៩ ដោយចូលរួមចាក់វ៉ាក់សាំងការពារជំងឺនេះ និងបន្តអនុវត្តវិធានការ -៣កុំ ៣ការពារ ដើម្បីឱ្យយើងអាចឆ្លងផុតកាលៈទេសៈដ៏លំបាកនេះបានឆាប់ ឈានទៅរកប្រក្រតីភាព ឡើងវិញតាមគន្លងថ្មីនៃជីវភាពសង្គម ផលិតកម្ម មុខរបរ និងការងាររបស់ប្រជាជន ខ្ញុំមានជំនឿថា អាស័យដោយមានការចូលរួមដ៏សកម្មរបស់ប្រជាជនគ្រប់រូប យើងពិតជានឹងយកឈ្នះបានក្នុងសមរភូមិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ “៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×