Sunday, July 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅថ្ងៃទី៣០ មិថុនា ប្រកាសចូលកាន់តំណែងប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ភ្នំពេញ ៖ តាមកម្មវិធីដែលបានគ្រោងទុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងព្រះមហាក្សត្រ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការ គ.ជ.ប។

លោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍បញ្ជាក់ប្រាប់ CEN ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំពិធីការប្រកាសចូលកាន់តំណែងជាផ្លូវការរបស់លោកប្រាជ្ញ ចន្ទ ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

សូមជម្រាបថា លោកប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោកស៊ិក ប៊ុនហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប។ ការចេញព្រះរាជក្រឹត្យតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីអង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយទទួលបានសំឡេងយល់ព្រមចំនួន ៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ស៊ិក ប៊ុនហុក ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានតែងតាំងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥។

លោក ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូបក្នុងចំណោមពីរូប (លោក ប្រាជ្ញ ចន្ទ និង លោកការ លាន) ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.ប.ទៅកាន់រដ្ឋសភាហើយដែលត្រូវបានជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជាទៅតាមច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគ.ជ.ប។

លោកប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃចន្លោះពីឆ្នាំ១៩៩១ដល់ ២០០១ ជាអភិបាលខេត្តបាត់ដំបង,ពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំ,ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប.នាពេលនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×