ស្រុកស្វាយជ្រំ ៖ មានល្បែងភ្នាល់ស៊ីសងលុយធំមួយ ដោយមេៗល្បែង បានយកគីឡាបាល់ទះធ្វើជាល្បែងស៊ីសងភ្នាល់ចាក់លុយធំៗពេញបន្ទុក បើកលេងភ្នាល់យ៉ាងរលូន មានមនុស្សច្រើនជំពូកចូលលេងជារៀងរាល់សប្ដាហ៍ គឺក្នុងមួយសប្ដាហ៍ គេលេងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ហើយមនុស្សដែលចូលមើលកីឡាបាល់ទះ និងភ្នាល់ជាល្បែងស៊ីសងផងនោះ មកពីតំបន់ផ្សេងគ្នា អ្នកខ្លះស្គាល់សមាសភាព អ្នកខ្លះមិនស្គាល់សមាសភាពនោះទេ, អ្វីដែលពិសេសនោះ គឺពួកមនុស្សដ៏ច្រើនកុះករទាំងនោះ គិតតែពីស្រែកហៅលុយភ្នាល់រឿងចាក់បាល់ទះ ដោយមិនខ្លាចឆ្លងមេរោគកូវីដ-១៩ទាល់តែសោះ , ព្រោះថា បើមាននរណាម្នាក់ផ្ទុកមេរោគកូវីត-១៩ វិញ ច្បាស់ជាផ្ទុះការឆ្លងបែកហ្វូងចេញពីផ្ទះល្បែងចាក់បាល់ទះនេះជាក់ជាមិនខាន។

ទីតាំងដែលយកកីឡាបាល់ទះ ធ្វើជាល្បែងភ្នាល់ស៊ីសងលុយដ៏ធំចាក់លុយរាប់រយ រាប់ពាន់ដុល្លារម្នាក់ៗ ខាងលើនេះ មានឈ្មោះ Bee Bee Cafe & ការហ្វេដូងក្រអូប ម្ចាស់ឈ្មោះ ណុច ( ជាស្ត្រី ) ស្ថិតក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង, បើតាមប្រជាពលរដ្ឋបានផ្ដល់ព័ត៌មានថា ទីតាំងនេះបើកលេងបាល់ទះភ្នាល់ស៊ីសងលុយ ជាយូរកាក់ធំដុំជាយូរមកហើយ ប៉ុន្តែអាជ្ញាធរស្រុកស្វាយជ្រុំ មិនរវល់បង្ក្រាបនោះទេ ព្រោះខ្លាចបែកឆ្នាំងបាយ ទើបបិទភ្នែកអោយកន្លែងចាក់បាល់ទះនេះ បើកដំណើរការយ៉ាងរលូន ទោះបីក្លាយជាកន្លែងប្រមូលផ្ដុំងាយនឹងផ្ទុះការឆ្លងកូវីដ-១៩ក៏ដោយ ក៏ពួកគេមិនខ្វល់ដែរ។ អ្វីដែលពួកគេត្រូវខ្វល់នោះ គឺស្រែកហៅចាប់លុយ ឬភ្នាល់លុយឲ្យច្បាស់ៗ ដាក់គ្នាទៅវិញទៅមកតែប៉ុណ្ណោះ ចង់ផ្ទុះការឆ្លងកូវីដ-១៩អី ក៏ផ្ទុះទៅ។
ប្រជាពលរដ្ឋបាននិយាយឱ្យដឹងទៀតថាទីតាំងដែលយកគីឡាបាល់ទះ ធ្វើជាល្បែងភ្នាល់ស៊ីលុយដល់ធំ ឈ្មោះ Bee Bee Cafe & ការហ្វេដូងក្រអូប នេះ ក្នុងមួយថ្ងៃៗ អាចផ្ទុកមនុស្សប្រមាណជាង ២០០នាក់ ទៅ ៣០០នាក់ គឺប្រជ្រៀតគ្នាកកកុញ , នៅខាងក្រៅផ្ទះភ្នាល់ល្បែងបាល់ទះនេះវិញ ឃើញចតសុទ្ធតែរថយន្តសេរីទំនើបៗ ម៉ូតូទំនើបៗ ច្រើនរយគ្រឿង ហើយទឹកប្រាក់ដែលចាក់ភ្នាល់ល់គ្នានោះ ចន្លោះ ពី ៥០ម៉ឺនរៀល ទៅជាង ២លានរៀល , នៅមានអ្នកភ្នាល់លុយខាងក្រៅទៀត គឺភ្នាល់របៀបសាមីខ្លួន និងសាមីខ្លួន ភ្នាល់លុយរាប់រយ រាប់ពាន់ឯណោះ ហើយការដកតុងមួយសិតៗ (មួយក្ដារៗ) ក៏មិនតិចដែរ គឺដកតុងច្រើនឬតិច ទៅតាមទំហំនៃការភ្នាល់លុយ… ឃើញថា មានចំណូលចូលពីការលេងភ្នាល់បាល់ទះនេះធំដុំគ្រាន់បើដែរនោះ ម្ចាស់ផ្ទះស្ត្រីឈ្មោះ ណុច ក៏ដាក់ថ្នាំសណ្តំទៅខាងអាជ្ញាធរមានសមត្ថកិច្ចនៅស្រុកស្វាយជ្រំនេះតែម្ដងទៅ , រីឯខាងសមត្ថកិច្ចវិញ ក៏បានចាត់ទុកថា ផ្ទះភ្នាល់ល្បែងបាល់ទះនេះ ជាឆ្នាំងបាយមួយរួចទៅហើយដែរ ទើបបិទភ្នែកធ្វើមិនដឹង មិនឮ មិនទៅបង្ក្រាប អ៊ីចឹងទៅ។

លោក ភោគ វណ្ណថន មេឃុំក្រោលគោ នៃស្រុកស្វាយជ្រំ ធ្លាប់បាននិយាយប្រាប់អ្នកសារព័ត៌មានថា ម្ចាស់ទីតាំង ស្ត្រីឈ្មោះ ណុច ដែលបើកល្បែងភ្នាល់ស៊ីសងបាល់ទះនេះ កាលពីខែមុន លោកបានចុះទៅបិទម្ដងរួចមកហើយ តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែគេបើកលេងវិញ? ដោយបិទទីតាំងខាងលិច គេបើកទីតាំងខាងកើត, បិទទីតាំងខាងកើត គេបើកទីតាំងខាងលិច មិនដឹងម្ចាស់គិតម៉េច បានជាមិនខ្លាចច្បាប់ , ហើយកាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ លោកក៏បានឱ្យកម្លាំងសមត្ថកិច្ចចុះបិទរួចរាល់ដែរហើយ។

បើតាមប្រជាពលរដ្ឋនិយាយឲ្យដឹងទៀតថា អាជ្ញាធរស្រុកស្វាយជ្រំទៀតសោត ជាពិសេស លោកអភិបាល និងលោកអធិការនគរបាលស្រុកស្វាយជ្រំ ដូចជាមិនមានចំណាត់ការអ្វីសោះ ដោយបណ្ដែតបណ្ដោយឲ្យល្បែងភ្នាល់បាល់ទះលុយរាប់រយ រាប់ពាន់ដុល្លារ ក្នុងមួយសិតៗ (មួយក្ដារៗ) នេះ លេងដោយសេរី និងយ៉ាងរលូន បើទោះជា ខេត្តស្វាយរៀងកំពុងតែផ្ទុះការឆ្លងរាលដាលជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏ម្ចាស់ផ្ទះឈ្មោះស្ត្រី ណុច និងពួកអ្នកលេងល្បែងភ្នាល់នេះមិនខ្វល់ដែរ។
ប្រជាពលរដ្ឋនៅតែលើកឡើងថា ទីតាំងល្បែងភ្នាល់បាល់ទះនេះដែរ គឺកើតមានយូរមកហើយ តែមិនមានឃើញអាជ្ញាធរស្រុកចុះទៅបិទ ឬធ្វើការណែនាំឡើយ… ប្រជាពលរដ្ឋនិយាយច្បាស់ៗថា ឃើញប៉ូលិសចុះទៅមើលខ្លះដែរ ប៉ុន្តែមិនដឹងជាចុះទៅធ្វើអ្វី ស្រាប់តែទីតាំងភ្នាល់ល្បែងស៊ីសងបាល់ទះនេះ នៅតែលេងភ្នាល់យ៉ាងរលូនដដែល៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

