ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋសភា បានធ្វើការឆ្លើយតបទៅនិងការរិះគន់ ចោ ទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ពីសំណាក់ក្រុមប្រឆាំង និងមន្ត្រីសង្គមស៊ីវិលមួយចំនួនតូច ពាក់ព័ន្ធការជ្រើសរើសប្រធាន គ.ជ.ប ថា គ្មានតម្លាភាព និងមិនទូលំទូលាយ និងអំពីសមត្ថភាពការដឹកនាំរបស់ប្រធានថ្មី គ.ជ.ប មិនមានបទពិសោធន៍ក្នុងវិស័យបោះឆ្នោត គឺជាការមិនត្រឹមត្រូវ។
លោកឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ប្រាប់ CEN ថា ការជ្រើសរើសប្រធាន គ.ជ.ប ធ្វើទៅតាមច្បាប់ គឺមាត្រា ៥, មាត្រា ១១ ក្រុមអ្នករិះគន់គេមិនពេញចិត្ត គេប្រឆាំងជានិច្ច ហើយចង់ឲ្យអព្យាក្រឹត្យទាល់តែធ្វើតាមគេ ហើយបើធ្វើតាមគេវាខុសច្បាប់ ទាល់តែជ្រើសរើសយកគ្នាគេបានគេថាត្រឹមត្រូវ បើយើងធ្វើតាមច្បាប់គេថាមិនត្រឹមត្រូវទេ។
លោកបានសង្កត់ធ្ងន់ថា “អ្វីក៏ដោយគ្មានអីអព្យាក្រឹត្យគ្មានអីត្រឹមត្រូវជាងច្បាប់ទេ គាត់មានយោបល់គឺជាយោនល់មួយប៉ុណ្ណឹងទេ មិនមែនជាយោបល់របស់ប្រជាជនទូទាំងប្រទេសទេ យោបល់ប្រជាជនទូទៅដែលត្រឹមត្រូវគឺច្បាប់នឹងហើយ។ យើងគោរពតាមច្បាប់រើស ៥ថ្ងៃ និងតម្លាភាព អ្នកណាដាក់ពាក្យក៏បានដែរ។ តាមមាត្រា ១១ គឺថា បញ្ជូនទៅគណបក្សដើម្បីជ្រើសរើស អាហ្នឹងជាច្បាប់ដែលតម្រូវ ហើយចង់ធ្វើខុសច្បាប់ចង់ថា ត្រឹមត្រូវ? យើងមិនអាចធ្វើបានទេ។ នៅក្នុង គ.ជ.ប សព្វថ្ងៃនឹងមានគណបក្សច្រើនណាស់មិនមែនមានគណបក្សប្រជាជនតែមួយទេ។ ក្នុងសមាសភាព ៩នាក់នឹង ៤នាក់រើសដោយគណបក្ស មានខាងរដ្ឋាភិបាល និងគណបក្សក្រៅរដ្ឋាភិបាល និង ១នាក់ទៀតជ្រើសរើសតាមការស្រុះស្រួលរបស់ភាគីទាំងពីរ។ ហើយគេធ្វើការតាមច្បាប់ គេថាអត់ត្រឹមត្រូវ បើយើងមិនធ្វើតាមគេ គេថាមិនត្រឹមត្រូវជានិច្ច ត្រឹមត្រូវអព្យាក្រឹត្យយើងធ្វើតាមច្បាប់ ខុសច្បាប់គឺមិនត្រឹមត្រូវមិនអព្យាក្រឹត្យទេ។ ធ្វើត្រឹមត្រូវ ឬមិនត្រឹមត្រូវអ្នកទាំងអស់គ្នាអាចវិនិច្ឆ័យបាន ទាំងអស់គ្នាអាចតវ៉ាបាន អាចប្តឹងផ្តល់បាន។ ហើយត្រឹមត្រូវ ឬមិនត្រឹមត្រូវ គឺស្ថិតនៅលើច្បាប់ មិនមែនស្រែកតែលើគាត់ទេ”។
សូមជម្រាបថា អង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយទទួលបានសំឡេងយល់ព្រមចំនួន ៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។
លោកប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសលោកស៊ិក ប៊ុនហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប។
ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងលោក ស៊ិក ប៊ុនហុក ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានតែងតាំងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅបានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់លោក ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទនិងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប. និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីលោក ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ។ ការលែងពីតំណែងគជប របស់លោកស៊ិក ប៊ុនហុក គឺដោយសារបញ្ហាសុខភាព និងមានវ័យចំំណាស់។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគ.ជ.ប. ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួនពីររូបគឺលោក ប្រាជ្ញ ចន្ទ និង លោក ការ លាន ហើយបានបញ្ជូនទៅគណបក្សប្រជាជនកម្ពុជាឱ្យជ្រើសរើសបេក្ខជនចំនួនមួយរូបផ្ញើមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលលិខិតឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជាកាលពីព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២១ គឺបានសម្រេចជ្រើសរើសលោក ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគ.ជ.ប.៕ រក្សាសិទ្ធិដោយៈ ចេស្តារ