Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតចិន ៖ វ៉ាក់សាំងស៊ីណូវ៉ាក់ ១លានដូសទៀត នឹងដឹកពីចិន មកដល់កម្ពុជា

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា នាព្រឹកថ្ងៃទី២៨ ខែមិថុនា វ៉ាក់សាំងចិន សម្រាប់ប្រយុទ្ធប្រឆាំងលើជំងឺកូវីដចំនួន ១ លានដូសដែលជាការបញ្ជាទិញ របស់ភាគីកម្ពុជា បានដឹកមកដល់រាជធានីភ្នំពេញ។ វ៉ាក់សាំងកូវីដដែលភាគីចិន បានផ្តល់ជូនភាគីកម្ពុជា រហូតមកដល់ពេលនេះ មានចំនួនលើសពី ១០ លានដូស។

ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ប្រជាជនចិននិងកម្ពុជាបានរួមសុខរួមទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បង្កើតបានជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងលើជំងឺវីរុសមួយនេះ។ រហូតមកដល់បច្ចុប្បន្ននេះ ចិនបានផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដដល់កម្ពុជាចំនួន ២.២ លានដូស ទន្ទឹមនឹងនេះភាគីចិនក៏បានប្រគល់វ៉ាក់សាំងកូវីដចំនួន ៨.៥ លានដូសដែលជាការបញ្ជាទិញជូនដល់ភាគីកម្ពុជាផងដែរ។ វ៉ាក់សាំងចិននឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតភាពស៊ាំក្នុងប្រទេសកម្ពុជាកាន់តែឆាប់រហ័ស។ នាពេលបន្តបន្ទាប់ ភាគីចិននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការផ្តល់វ៉ាក់សាំងជូនដល់ភាគីកម្ពុជា យកសកម្មភាពជាក់ស្តែងបង្ហាញពីអត្ថន័យស្នូលនៃសហគមន៍វាសនារួមរវាងចិននិងកម្ពុជា និងខិតខំអនុវត្តតាមប្រសាសន៍ដ៏សំខាន់របស់ឯកឧត្តមប្រធានាធិបតីចិន Xi Jinping ដោយចាត់ទុកវ៉ាក់សាំងកូវីដជាផលិតផលសាធារណៈសម្រាប់សកលលោក។

វ៉ាក់សាំងស៊ីណូវ៉ាក់ដែលដឹកនាំមកដល់ប្រទេសកម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៥ ស្មើនឹងទី ៥លានដូស ដែលដឹកមកដល់ប្រទេសកម្ពុជានៅក្នុងខែមិថុនា។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា កម្ពុជា នឹងទទួលបានវ៉ាក់សាំងគ្រប់ ២០លានដូសនៅត្រឹមខែសីហា ឆ្នាំ២០២១នេះ។ ក្នុងនោះខែកក្កដា និងខែសីហា វ៉ាក់សាំងសរុប ៩លានដូសទៀតមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។

លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ការមកដល់របស់វ៉ាក់សាំង គឺបានលឿនជាងផែនការ ដែលកម្ពុជាបានកំណត់។ បើតាមលោក វង្សី វិស្សុត បានថ្លែងថា ដើមឡើយកម្ពុជារំពឹងថា វ៉ាក់សាំង២០លានដូសអាចទទួលបានរហូតដល់ដាច់ឆ្នាំ ឬដើមឆ្នាំ២០២២។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា ភាពជោគជ័យនៃការទទួលបានវ៉ាក់សាំងអាស្រ័យលើកត្តាសំខាន់ពីរ រួមមានកត្តាបុគ្គលសម្តេចតេជោ ដែលបានប្រឹងប្រែងស្វះស្វែងរកទិញដោយដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ហើយកត្តាមួយទៀត គឺបុគ្គលសម្តេចតេជោ ជាបុគ្គលដែលរដ្ឋាភិបាលចិនផ្តល់តម្លៃ និងមានទំនាក់ទំនងល្អ។

តាមរយៈវត្តមានវ៉ាក់សាំង ដែលបានមកដល់មុនផែនការកំណត់នេះ លោក វង្សី វិស្សុត បានឱ្យដឹងថា រាជរដ្ឋាភិបាលនឹងរៀបចំផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យបានលឿន។ លោក វង្សី វិស្សុត បានបង្ហាញការរំពឹងទុកថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាចរួចរាល់ក្នុងកំលុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែមិថុនា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា បានចំនួនជិត ៤លាននាក់ ស្មើនឹងជិត ៤០ភាគរយហើយ។

លោក វង្សី វិស្សុត បានលើកឡើងថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩បានល្អ ដែលជាបុព្វហេតុមួយជួយឱ្យកម្ពុជាឈានទៅសម្រេចបានស្ថានភាពភាពសេដ្ឋកិច្ចល្អប្រសើរផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×