ភ្នំពេញ ៖ កម្ពុជា បានបញ្ជាទិញវ៉ាក់សាំងជាបន្តបន្ទាប់ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលវ៉ាក់ សាំងភាគច្រើន មកពីប្រទេសចិន។ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ទឹក ប្រាក់ សរុបអស់ប្រមាណ ១៧០លានដុល្លារ ដើម្បីទិញវ៉ាក់សាំងពីសាធារណរដ្ឋប្រជាមានិតចិន។

ទាក់ទងនិងវ៉ាក់សាំងនេះ កម្ពុជា ក៏ទទួលបានជំនួយជាវ៉ាក់សំាងពីអង្គការសុខភាពពិភពលោក និងមិតចិនផង ដែរ ។ ឯកឧត្តម វង្សី វិស្សុត បានបន្តថា កម្ពុជាបានទទួលជំនួយវ៉ាកសំាងពីកូវ៉ាក ៣២ម៉ឺន ៤០០០ដូស ជំនួយពីចិនចំនួន ២លាន ២សែនដូស ក្រៅពីនោះ គឺជាការបញ្ជាទិញទាំងអស់ ។
ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានលើកឡើងបែបនេះ ក្នុងឱកាសដែលលោក អញ្ជើញទៅពិនិត្យ និងទទួលវ៉ាក់សាំង ១លានដូស ដែលកម្ពុជា បញ្ជាទិញពីប្រទេសចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនា ចុងសប្តាហ៍ថ្មីៗនេះ។

ឯកឧត្តម វង្សី វិស្សុត ក៏បានបង្ហើបឲ្យដឹងថា តាមផែនការថ្មីក្នុងរង្វង់ខែសីហាខាងមុខនេះ កម្ពុជានឹងបញ្ជាទិញវ៉ាក់សាំង បានគ្រប់ចំនួនទាំងអស់ គឺបានលឿនជាងផែនការ ដោយខែមិថុនា ៥លានដូស ខែកក្កដា ៥លានដូស នឹងខែសីហា ចំនួន ៤លានដូស។ ការមកដល់នៃវ៉ាក់សាំងកូវីដ១៩នេះ ជារឿងល្អសំរាប់ប្រទេសកម្ពុជា ក្នុងបរិការកំពុងផ្ទុះជំងឺកូវីដ១៩ខ្លាំង ដោយត្រូវចាក់វ៉ាក់ សាំងឱ្យបានលឿន ទប់ស្កាត់កុំឱ្យវារីកធំពេក ដើម្បីផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលអាចបើកដំណើរសេដ្ឋកិច្ចឡើងវិញ នឹងបើកឱកាសឱ្យប្រជាពលរដ្ឋអាចដំណើរ ការអាជីវកម្មដូចប្រក្រតីវិញដែរ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់គណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២១ មានអ្នកបានចាក់វ៉ាក់សាំងលើកទី១ចំនួន ជាង៣លាន ៨សែននាក់ លើកទី២ ជាង ២លាន ៨សែន ៤ម៉ឺននាក់ ដោយ សម្រចបាន ៣៨.៨៧% ធៀបនឹងពលរដ្ឋដែលត្រូវចាក់១០លាននាក់៕
រក្សាសិទ្ធិដោយ៖CEN



